ព័ត៌មានជាតិ

ស៊យធំ! ម៉ូតូសង់ សាកកម្លាំងជាមួយរថយន្តឡង់គ្រឺស័រស្លាកលេខ ភ្នំពេញ 2AT-3435 រងការខូចខាតយ៉ាងដំណំ នៅមុខសណ្ឋាគារអ៊ីនធើខន

ភ្នំពេញ: រថយន្តម៉ាកឡង់គ្រឺស័រ មួយគ្រឿង បានក្រពឹតផ្នែកខាងមុខរងការខូចខាតយ៉ាងដំណំ ដោយសារតែម៉ូតូម៉ាកហុងដាសេ១២៥មួយគ្រឿង បោះពួយក្នុងល្បឿនយ៉ាងលឿន ទៅបុកពេញទំហឹង កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ថ្ងៃទី៥ ខែតុលា ឆ្នាំ ២០១៨ នៅខាងមុខសណ្ឋាគារអ៊ីនធើខន ផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកឡង់គ្រឺស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-3435 មួយគ្រឿងកំពុងតែបើកឆ្លងផ្លូវពីម្ខាងទៅម្ខាងនោះ ក៏ស្រាប់តែមានម៉ូតូ ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ មួយគ្រឿងដែលបើកបរដោយបុរសម្នាក់បានបោះពួយក្នុងល្បឿនយ៉ាងលឿន ទៅបុកបណ្តាលឲ្យក្រពឹតកាងផ្នែកខាងមុខ រងការខូចខាតយ៉ាងដំណំតែម្តង។

ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងយកទាំង រថយន្តឡង់គ្រឺស័ររងគ្រោះ និង ម៉ូតូបង្ក ទៅដាក់លើចិញ្ចើមផ្លូវធ្វើការដោះស្រាយគ្នា ដោយភាគីខាងម៉ូតូព្រមសងថ្លៃ ខូចខាតទៅខាងរថយន្តចំនួន ៣០០ដុល្លារបញ្ចប់រឿងផងដែរ៕

មតិយោបល់