ភ្នំពេញៈ កម្លាំងនគរបាលចម្រុះចំនួន២ខណ្ឌ មាននគរបាលប៉ុស្តិ៍ ស្ទឹងមានជ័យទី១ នគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ និងកម្លាំងនគរបាលចំណុះខណ្ឌដង្កោ បានពង្រាយកម្លាំងដេញស្ទាក់តាមចាប់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីរូបគេធ្វើសកម្មភាពលួចយករថយន្តនៅចំណុចក្នុងផ្ទះលេខ១៦អឺ ផ្លូវលំ ក្រុមទី៤ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ហើយព្យាយាមជិះរត់គេច កាលពីវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨។
ជនសង្ស័យឈ្មោះ ឈៀក ពៅ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួលផ្លូវលំ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។ រីឯជនរងគ្រោះឈ្មោះ សេង ស្រស់ ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរជាយោធា មានទីលំនៅចំណុចកើតហេតុ។
រថយន្តរបស់ជនរងគ្រោះ ម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-8904។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃកើតហេតុ ជនរងគ្រោះទើបតែត្រឡប់មកពីស្រុកកំណើតវិញ ដោយបានបើករថយន្តចូលដល់ក្នុងរបងផ្ទះ តែមិនបានបិទទ្វាររបង ហើយថែមទាំងទុកសោឡានជាប់នឹងរថយន្តទៀត រួចលើកឥវ៉ាន់ចូលទៅក្នុងផ្ទះ។
ភ្លាមៗនោះជនសង្ស័យឃើញឱកាសល្អ ក៏បានចូលមកលបៗ ហើយបើកទ្វាររថយន្តចូលទៅខាងក្នុង រួចកាច់សោបញ្ឆេះរថយន្តបើកថយក្រោយចេញពីផ្ទះជនរងគ្រោះ ដើម្បីបើករត់។ តែជនរងគ្រោះ ក៏បានឡើងជិះម៉ូតូ ដេញតាមពីក្រោយរថយន្ត ព្រមទាំងបានទូរស័ព្ទផ្តល់ដំណឹងទៅកាន់ នគរបាលប៉ុស្តិ៍ ស្ទឹងមានជ័យទី១ ជួយអន្តរាគមន៍ និងដេញចាប់ជនសង្ស័យ។
ក្រោយឃាត់ខ្លួនបាន ជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថ ស្រុកកណ្តាលស្ទឹង ធ្វើការឃាត់ខ្លួនបណ្តោះអាសន្ននៅមូលដ្ឋានអាវុធហត្ថស្រុក លុះដល់វេលាព្រឹកថ្ងៃទី១០ ខែឆ្នាំដដែល កម្លាំងអាវុធហត្ថសម្រេចប្រគល់ទាំងជនសង្ស័យ រួមជាមួយរថយន្តទៅឲ្យនគរបាល ខណ្ឌមានជ័យវិញ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់