កំពង់ឆ្នាំងៈ កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ លោក ជា គឹមតុង អនុប្រធាននាយកដ្ឋានចំណូលពីទ្រព្យរដ្ឋ បានដឹកនាំក្រុមការងារក្រសួងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងសិក្សាវាយតម្លៃលើគម្រោងសុំដាក់វិនិយោទុនសាងសង់ផ្សារថ្មី មានឈ្មោះថា “ផ្សារកំពង់ឆ្នាំង” ស្ថិតនៅជិតមាត់ទន្លេ សង្កាត់ខ្សាម និងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ជាមួយក្រុមការងារចម្រុះខេត្តដឹកនាំដោយ លោក ស៊ុន សុវណ្ណរិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង ដើម្បីផ្លាស់ប្តូរយោបល់គ្នាកសាងផ្សារកំពង់ឆ្នាំងថ្មីឲ្យមានស្តង់ដារត្រឹមត្រូវ និងមានគុណភាពល្អ។
នៅក្នុងកិច្ចប្រជុំអំពីការងារខាងលើនេះ នៅក្នុងសាលាខេត្តកំពង់ឆ្នាំង លោក ជា គឹមតុង បានលើកឡើងថា ការអភិវឌ្ឍកសាងផ្សារថ្មីនេះ ស្នើសុំអាជ្ញាធរខេត្តក្រុង និងក្រុមហ៊ុនសាងសង់ផ្សារត្រូវសហការគ្នាសិក្សាគម្រោងសាងសង់ឲ្យបានច្បាស់លាស់ទៅតាមស្តងដារផ្សារទំនើប ដោយត្រូវធ្វើផ្លូវជុំវិញផ្សារ និងក្នុងផ្សារឲ្យបានធំៗ ងាយស្រួសរថយន្តចូលបានស្រួលពេលមានគ្រោះអគ្គិភ័យកើតឡើង។ ក្នុងនោះដែរ ក៏ត្រូវធ្វើបង្គន់អនាម័យ ធ្វើអាងស្តុកសំរាម ធ្វើកន្លែងដាក់ កង់ ម៉ូតូ ឲ្យបានសមស្រប និងម៉្យាងទៀតកុំឲ្យពេលធ្វើផ្សាររួចអត់កន្លែងលក់ដូរ នាំគ្នាមកលក់ដូរលើផ្លូវទៅវិញ។
លោក ស៊ុន សុវណ្ណរិទ្ធ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការចម្រុះខេត្ត បាននិយាយឲ្យដឹងថា មុននិងលើកគម្រោងកសាងផ្សារកំពង់ឆ្នាំងថ្មីនេះ គណៈកម្មការចម្រុះខេត្តរួមមាន អាជ្ញាធរខេត្ត ក្រុង មន្ទីរសាធារណៈការបរិស្ថានទេសចរណ៍ និងមន្ទីរសុរិយោដី បានធ្វើការប្រជុំសិក្សារួចហើយ គឺបានឯកភាពគ្នាធ្វើផ្សារឲ្យបានរឹងមាំតាមស្ដង់ផ្សារទំនើប មានគុណភាព សោភណ័ភាព មានសណ្តាប់ធ្នាប់លក់ដូរត្រឹមត្រូវ។ ដោយឡែកផ្លូវជុំវិញផ្សារ និងផ្លូវដើរធំៗនៅក្នុងផ្សារខ្វែងជា៤ ត្រូវធ្វើទទឹង៦ម។
លោក ស៊ុន សុវណ្ណរិទ្ធ បានបញ្ជាក់ឲ្យដឹងទៀតថា តាមផែនការរបស់ខេត្តគម្រោងធំៗចំនួន៤ ដែលត្រូវអភិវឌ្ឍន៍នៅជិតទីតាំងផ្សារកំពង់ឆ្នាំងថ្មីនេះគឺ ១.គម្រោងដាក់កំពង់ផែប្រវែង៣០០ម សម្រាប់កំពង់ផែលក់ត្រី កំពង់ផែកាណូតដរ និងកន្លែងលក់កសិផលរបស់អ្នកចម្ការ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាល។ ២.គម្រោងរៀបចំដីសម្រាប់ផ្លាស់លំនៅឋានពលរដ្ឋ២១០គ្រួសារ ៣.គម្រោងរៀបចំដីសម្រាប់ប្រជាពលរដ្ឋផ្លាស់ប្តូរពីផ្ទះបណ្តែតទឹកឡើងមករស់នៅលើគោកជា២០០០គ្រួសារ និង៤.គឺគម្រោងកសាងផ្សារកំពង់ឆ្នាំងថ្មីនេះ មានតូបលក់ដូរជាង១០០តូប សម្រាប់ឲ្យប្រជាពលរដ្ឋនៅផ្សារឆ្នាំង ផ្សារលើ ចូលមកលក់ដូរ។
ដោយឡែក លោក លៀង សេង ជាម្ចាស់ក្រុមហ៊ុនដាក់ទុនកសាងផ្សារកំពង់ឆ្នាំងថ្មី បានឲ្យដឹងថា ផ្សារកំពង់ឆ្នាំងថ្មីនេះសាងសង់លើទំហំដីសរុបជាង២ហិកតា ក្នុងនោះគម្រោងសាង់សង់អគារផ្សារមានទំហំទទឹង៨១ម៉ែត្រ គុណនិងបណ្តោយ១៣៥ម៉ែត្រ។ នៅក្នុងដំបូលផ្សារធំមានផ្លូវចេញចូលធំៗទទឹង៦ម៤ច្រក និងផ្លូវតូចៗទទឹង២,៥០ម៉ែត្រ៨ច្រក ជុំវិញផ្សារមានអគារលក់ត្រីនៅខាងក្រោយផ្សារទំហំ៣៥ម៉ែត្រ គុណនិង៨១ម៉ែត្រ មានបង្គន់អនាម័យ២៦បន្ទប់ អាងស្តុកសំរាម៣កន្លែងទំហំ៤ម៉ែត្រ គុណនិង៥ម៉ែត្រ មានកន្លែងដាក់ម៉ូតូ ជិត១០០ម៉ែត្រ និងនៅជុំវិញផ្សារមានផ្លូវព័ទ្ធជុំវិញទទឹង៦ម៉ែត្រ។
ប្រភពព័ត៌មានពីអាជ្ញាធរក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា ទន្ទឹមនិងការអភិវឌ្ឍតំបន់ខាងលើនេះ បច្ចុប្បន្នក៏មានឈ្មួញកណ្តាលបានទិញដីនិងចាក់ដីក្នុងតំបន់អភិវឌ្ឍន៍ ដើម្បីអង្កន់លក់ជាឯជន និងមានខ្នងអ្នកមានអំណាចនៅពីក្រោយផងដែរ។ ករណីនេះ អាចធ្វើឲ្យក្រុមហ៊ុនដាក់ទុនធ្វើផ្សារខាតបង់គ្មានអ្នកទិញតូបក្នុងផ្សារថ្មីឡើយ ហើយបើអាជ្ញាធរខេត្តឃុបឃិតឲ្យឈ្មួញកណ្តាលធ្វើតាមទំនើងចិត្តទៀតនោះ គម្រោងអភិវឌ្ឍន៍ផ្សារពិតជាមិនបានជោគជ័យនោះឡើយ៕
មតិយោបល់