ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីកោតសរសើរតារាចម្រៀង មាស សុខសោភា ក្នុងសកម្មភាពថែរក្សាធនធានធម្មជាតិ

កំពង់ស្ពីៈ ថ្លែងចេញពីកម្មវិធីទិវាមច្ឆជាតិនៅខេត្តកំពង់ស្ពឺនាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់តារាចម្រៀងដ៏ល្បី មាស សុខសោភា បានដើរបំបួសដើមឈើ ជារឿងដ៏ត្រឹមត្រូវ ដើម្បីចូលរួមការពារព្រៃឈើ។ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់តារាចម្រៀង មាស សុខសោភា ដែលបានធ្វើសកម្មភាពចូលរួមថែរក្សាព្រៃឈើ និងធនធានធម្មជាតិ ហើយក៏ជំរុញឲ្យអ្នកសិល្បៈធ្វើសកម្មភាពបំផុសចលនាស្មារតីចូលរួមថែរក្សាព្រៃឈើ និងធនធានធម្មជាតិទាំងអស់គ្នាផងដែរ។

ទន្ទឹមនឹងនេះផងដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា កញ្ញា ធី សុវណ្ណថា ក៏បានចូលរួមថែរក្សាធនធានធម្មជាតិ និងព្រៃឈើនៅតំបន់អារ៉ែង ដែលគួរតែចូលរួមលើកទឹកចិត្ត ឲ្យធ្វើសកម្មភាពបែបនេះបន្តទៀត។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានសូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យចូលរួមរាយការណ៍ដល់សមត្ថកិច្ច អំពីការកាប់បំផ្លាញព្រៃឈើ ដើម្បីចូលរួមការពារព្រៃឈើ និងសូមអំពាវនាវដល់មន្រ្តី ប្រជាពលរដ្ឋ អង្គការសង្គម និងដៃគូទាំងអស់ រួមគ្នាថែរក្សាធនធានធម្មជាតិ តែហាមប្រជាពលរដ្ឋ និងអង្គការសង្គម ដើរតួនាទីជាមន្រ្តីមានសមត្ថកិច្ច។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បញ្ហាកាប់បំផ្លាញព្រៃឈើ និងបំផ្លាញធនធានធម្មជាតិ គឺជារឿងឈឺក្បាលមួយ ដែលរាជរដ្ឋាភិបាល យើងត្រូវនាំគ្នាបំបាត់៕

មតិយោបល់