ព័ត៌មានជាតិ

ជនសង្ស័យ ០២នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ

ភ្នំពេញៈ កាលពីវេលាម៉ោង២ រសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យពីរនាក់ ទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធ ០២ករណីផ្សេងគ្នា ដែលពួកគេត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ។

ជនសង្ស័យទី១.ឈ្មោះ គុណ ភារឹទ្ធ ហៅពៅ អាយុ ២៤ឆ្នាំ មុខរបរ សន្តិសុខ ដែលជាប់ពាក់ព័ន្ធករណីគំរាមសម្លាប់ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក កាលពីវេលាម៉ោង១៦ និង៣០នាទីរសៀល នៅចំណុចផ្ទះលេខ៩១ ផ្លូវ៣១៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីជននេះ បានយកកាំបិតប៉័ងតោ និងពូថៅ ទៅគំរាមបម្រុងកាប់ទៅលើជនរងគ្រោះឈ្មោះ សឿង គឹមស្រី ភេទស្រី អាយុ ៤២ឆ្នាំ និងកូនស្រីរបស់គាត់ ដែលកំពុងលក់ឥវ៉ាន់ នៅមុខផ្ទះស្ថិតនៅចំណុចខាងលើ។

ដោយឃើញសកម្មភាពជនសង្ស័យ មិនស្រួលជនរងគ្រោះ រត់ចូលទៅក្នុងផ្ទះ ហើយជនសង្ស័យ ក៏បានយកពូថៅគប់ចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះ និងនៅបន្តស្រែកជេរប្រមាថ គំរាមសម្លាប់ ទើបជនរងគ្រោះបានប្តឹងសមត្ថកិច្ច ចុះមកធ្វើការឃាត់ខ្លួនភ្លាមៗតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យខាងលើ បានសារភាពថា រឿងហេតុបណ្តាលឲ្យខ្លួន យកកាំបិតប៉័ងតោ និងពូថៅ យកទៅគំរាមជនរងគ្រោះ គឺមកពីខ្លួនខឹងរឿងបាត់រង្វាន់អ៊ីឈីតាន់ ហើយបានទៅស្រែកឡូឡារកមុខអ្នកដែលយកគំរបអ៊ីឈីតាន់របស់ខ្លួន នៅផ្ទះទ្រូម៉ាន់នីយីហោ តោពី និងលក់ចាប់ហួយ ដែលជាផ្ទះរបស់ជនរងគ្រោះខាងលើ ហើយក៏ត្រូវបានជនរងគ្រោះ ប្តឹងសមត្ថកិច្ចអាវុធហត្ថ មកឃាត់រូបខ្លួនតែម្តង។

ប្រភពដដែលបានបន្ថែមទៀតថា កន្លងមកធ្លាប់ប្រើប្រាស់គ្រឿងញៀនអស់រយៈពេល ០២ឆ្នាំមកហើយ ដោយគ្រឿងញៀនដែលខ្លួន ទិញយកមកប្រើប្រាស់នោះ គឺនៅម្តុំងអង់តែនទួលគោក ក្នុងតម្លៃ ១,៥០០០រៀល ទៅ២,០០០០រៀល។

ចំណែកជនសង្ស័យទី២.ឈ្មោះ កាន នីម៉េង ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ អ្នកបកប្រែភាសាចិន ជាប់ពាក់ព័ន្ធករណីលួច ត្រូវបានកម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌទួលគោក ឃាត់ខ្លួនបានកាលពីវេលាម៉ោង១៦ និង២០នាទី នៅចំណុច ក្រុមហ៊ុន អាស៊ីបូពា៍ ផ្លូវម៉ៅសេទុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ជនសង្ស័យបានលួចបារីម៉ាក ៥៥៥ របស់ក្រុមហ៊ុនយីហោ លី ណាណា International Trading Co,LTD ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៤០២C ផ្លូវ២៤៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលកាលនោះរូបគេ ជាបុគ្គលិករបស់ក្រុមហ៊ុន មានតួនាទីជាអ្នកបកប្រែភាសាចិន និងជាអ្នកកាន់សោរឃ្លាំងទុកបារី។

សមត្ថកិច្ចអាវុធហត្ថ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ កាន នីម៉េង ខណៈពេលដែលរូបគេអង្គុយចាំយកលុយលក់ថ្លៃបារីពីឈ្មោះ រិច ចំរើន ជាជនរងគ្រោះម្នាក់ផងដែរនោះ។

តាមការសាកសួររបស់សមត្ថកិច្ចអាវុធហត្ថ ជនសង្ស័យបានឲ្យដឹងថា ខ្លួនធ្លាប់ជាបុគ្គលិកបំរើការងារក្រុមហ៊ុនយីហោ លី ណាណា International Trading Co,LTD មានតួនាទីជាអ្នកបកប្រែភាសាចិន ទទួលបានប្រាក់ខែ ៤២០ដុល្លាអាមេរិក ក្នុងមួយខែ។

ក្រោយពេលរូបគេធ្វើការបានរយៈពេលប្រហែល ០៦ខែ ក៏សុំឈប់ពីរការងារ ហើយបានបន្តទៅធ្វើការនៅក្រុមហ៊ុន មីតស៊ុយប៊ីស៊ី ក្បែរណាហ្កាវើល រហូតដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ខណៈដែលខ្លួនកំពុងធ្វើការ ស្រាប់តែឈ្មោះ ចំរើន បានទូរស័ព្ទមកទិញបារីពីខ្លួន ម៉ាក៥៥៥ ០២ប៊ិច ក្នុង ០១ប៊ិច តម្លៃ២០០ដុល្លារអាមេរិក បន្ទាប់រូបគេបានទាក់ទងទៅឈ្មោះ ឆាយ អ្នកបកប្រែភាសាចិន នៅក្រុមហ៊ុន លី ណាណា នោះ ដើម្បីឲ្យយកបារីទៅឲ្យឈ្មោះ ចំរើន នោះនៅមុខក្រុមហ៊ុនចាស់ ដែលរូបគេធ្វើការ ហើយរូបគេទាំង ០២នាក់ បានណាត់ជួបគ្នាយកលុយនៅផ្សារអ៊ីអន ហើយក៏ត្រូវបានសមត្ថកិច្ចអាវុធហត្ថ ឃាត់ខ្លួនបាននៅចំណុចបុរីវិមានកូលាប ខណ្ឌចំការមន រាជធានីភ្នំពេញតែម្តង៕

មតិយោបល់