ត្បូងឃ្មុំៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត២គ្រឿង បានបុកគ្នាពេញទំហឹង បណ្តាលឲ្យរថយន្តទាំងពីរគ្រឿង រងការខូចខាតយ៉ាងដំណំ ចំណែកអ្នកបើកបររថយន្តទាំង២ ក៏រងរបួសធ្ងន់ផងដែរ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៣ និង១០នាទីរសៀលថ្ងៃទី១៣ តុលា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៧ ត្រង់ចំណុចដីឡូត៍របស់ឈ្មោះម៉ៅ ពៅ ចន្លោះគីឡូម៉ែត្រលេខ១៥១-១៥២ ក្នុងភូមិដងកាំបិត ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ។
ជនរងគ្រោះទាំង២នាក់ខាងលើ ទី១.ឈ្មោះឡឹក សាមី ភេទប្រុស អាយុ៣៨ឆ្នាំ ជាបើកបររថយន្តម៉ាកសាំងយ៉ុង នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម និងទី២.ឈ្មោះ ទូច ម៉េង ភេទប្រុស អាយុ២៩ឆ្នាំ ជាអ្នកបើកបររថយន្តធុនធំ នៅភូមិអ្នកតាស្នឹង ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
សមត្ថកិច្ច បានឲ្យដឹងថា នៅពេលមុនកើតហេតុ គេឃើញរថយន្តសាំងយ៉ុង បានបើកបរក្នុងទិសដៅពីលិច
ទៅកើតតាមបណ្តោយផ្លូវជាតិលេខ៧ ស្របពេលដែលបើកមកដល់ត្រង់ចំណុចខាងលើ ស្រាប់តែបុក
ជាមួយនិងរថយន្តធុនធំ លាន់ឮដូចរន្ទះ ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យរថយន្តទាំងពីររងការខូចខាតយ៉ាងដំណំ។
ចំណែកតៃកុងរថយន្តទាំងពីរ បានរងរបួសធ្ងន់ ត្រូវបានសង្គ្រោះដឹកតាមរថយន្តមកកាន់មន្ទីរពេទ្យ ។
បច្ចុប្បន្នរថយន្តទាំង២គ្រឿង ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីរង់ចាំធ្វើការដោះស្រាយពេលក្រោយ៕
មតិយោបល់