ព័ត៌មានជាតិ

រថយន្តក្រុងក្រុមហ៊ុនអ៊ិចប្រេស បុកផ្ទប់រថយន្តស៊ាំងយ៉ុងដឹកត្រី ស្លាប់មនុស្ស២នាក់យ៉ាងអាណោចអាធ័ម

កំពង់ធំៈ នៅថ្ងៃអាទិត្យ ៥កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៦និង៣៥នាទី លើកំណាត់ផ្លូវជាតិលេខ០៦ ចំណុចផ្លូវប្រសព្វរាងអក្សរY ភូមិមឈាម ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុករថយន្ត ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យស្លាប់២នាក់។

ករណីនេះកើតឡើង ខណៈដែលរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿងលាយស ស្លាក់ស្លាកលេខ ភ្នំពេញ 3A-1365 ដឹកអ្នកដំណើររបស់ក្រុមហ៊ុនមេគង្គអ៊ិចប្រេស (បើកបរទិសដៅពីត្បូងទៅជើង) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន) រថយន្តម៉ាកស៊ាំងយ៉ុង ពណ៌ស ស្លាកលេខ ភ្នំពេញ 2N-1848 បើកបរទិសដៅពីជើងទៅត្បូង ដោយឈ្មោះ គាម តូ ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិត្នោត ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត(ស្លាប់នៅកន្លែងកើតហេតុ) និងអ្នករួមដំណើរឈ្មោះ ឌិន ចន្ថន ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង្ស ខេត្តតាកែវ (ស្លាប់នៅកន្លែងកើតហេតុ) ។

ចំណែកមូលហេតុជាបឋមបង្កឡើងដោយអ្នកបើកបររថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនមេគង្គអ៊ិចប្រេសបើកបរមិនប្រកាន់ស្តាំ រួមផ្សំនឹងអ្នកបើកបររថយន្តសាំងយ៉ុងមានល្បឿនលឿន។

ក្រោយកើតហេតុ សមត្ថកិច្ចបានយកវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង រង់ចាំដោះស្រាយគ្នាពេលក្រោយ និងប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យផងដែរ៕

មតិយោបល់