ភ្នំពេញៈ អតីតប្រពន្ធ និងប្តីបានកើតជាសង្រ្គាម ក្រោយពីលែងលះគ្នាអស់រយៈពេលជាង១ខែ ស្រាប់តែអតីតប្តីទៅបន្ទប់ខាងអតីតប្រពន្ធគោះទ្វារហៅបំណងយកទូរទស្សន៍របស់ខ្លួន តែដោយសារការមិនទុកចិត្តខ្លាចតាមមករករឿង កកូរកកាយផ្លូវចិត្ត ឬរាងកាយក្លាយជាទំនាស់សម្តី ផ្អើលអស់ប៉ូលិស ដោយសាររឿងទូរទស្សន៍កញ្ចាស់មួយគ្រឿងត្រូវកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ១ ចុះទៅអន្តរាគមន៍សាកសួរកាលពីម៉ោង៩និង២០នាទីយប់ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅបន្ទប់ជួលខាងក្រោយផ្សារឯករាជ្យ១ ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ភាគីខាងអតីតប្តីមានឈ្មោះ សុខ រី អាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ចំណែកស្ត្រីអតីតប្រពន្ធមានឈ្មោះ សាត សោភា អាយុ២៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួល កន្លែងកើតហេតុ ។
តាមសម្តីភាគីខាងប្រុសបានឲ្យដឹងថា ខ្លួនបានរៀបការជាមួយស្ត្រីខាងលើជិត៤ឆ្នាំហើយ មានមេបាចាស់ទុំសងខាងដឹងឮ សំពះផ្ទឹមក្បាលក្រាបដល់កន្ទេលត្រឹមត្រូវទៅតាមប្រពៃណី មានកូនស្រីអាយុ៣ឆ្នាំជាចំណងអាពាហ៍ពិពាហ៍ ក៏ប៉ុន្តែវិថីជីវិតស្នហារវាងប្តី-ប្រពន្ធត្រូវបានបញ្ចប់ត្រឹមឆ្នាំទី៤ក្រោយ ក៏ដោយសារការរស់នៅមិនចុះសម្រុងគ្នា ទីបំផុតឯកភាពគ្នាទៅស្រុកចំពោះមុខឪពុកម្តាយសងខាង មានទាំងអាជ្ញាធរមូលដ្ឋានដឹងឮផង សម្រេចចិត្តចែកផ្លូវគ្នា ផ្តាច់ទាំងសង្វាស់ ចំពោះកូនស្រីបានទៅលើខាងប្តីជាអ្នកបីបាច់ ថែរក្សារ។
តាមប្រភពបានបន្តទៀតថា ការចែកផ្លូវគ្នាដើររវាងប្តីប្រពន្ធអស់រយៈពេលជាង១ខែទៅហើយ ថ្វីត្បិតតែរបរការងារ រួមរោងចក្រជាមួយគ្នាពិតមែន តែពេលនេះក្លាយជាមនុស្សទីទៃពីគ្នាទៅហើយ ជួលផ្ទះផ្សេងគ្នា ហើយមុនកើតហេតុនេះបន្ទាប់ពីខ្លួនទៅរកយកទូរទស្សន៍កញ្ចាស់មួយជាទ្រព្យរបស់ខ្លួននៅសែសសល់ក្នុងបន្ទប់អតីតប្រពន្ធ លុះពេលដែលគោះទ្វារហៅសួរនាំរឿងយកទូរទស្សន៍ បែរជាអតីតប្រពន្ធចោទខ្លួនថា មកតាមរករឿងក៏ទាស់ពាក្យសម្តី ស្រីទូរស័ព្ទប្តឹងប៉ូលិសថា ខាងប្តីមករករឿងទៅវិញ ។
បើតាមសម្តីភាគីខាងស្ត្រីជាអតីតប្រពន្ធវិញបានឲ្យដឹងថា ខ្លួនបានលែងលះគ្នាជាមួយប្តីហើយ ចុះហេតុអ្វី តែរឿងទូរទស្សន៍មួយមកតោងទាមយកទៅវិញទាំងកណ្តាលយប់បែបនេះ ហើយកន្លងមក ក្រោយលែងលះអតីតប្តីចេះតែបោះពាក្យសម្តីក្នុងន័យគំរាម ហាក់បីដូចជាចង់ប្រចណ្ឌរហូតមកដល់លើកនេះមកដល់បន្ទប់ហើយរករឿងទៀត ។
សម្តីចោទប្រកាន់របស់អតីតប្រពន្ធត្រូវបានបុរសខាងលើបដិសេធច្រានចោលទាំងអស់ ខ្លួនគ្មានចេតនាវិលមករកស្នេហ៍ចាស់វិញនោះឡើយ កាលមកគោះទ្វារហៅពេលនេះ ក៏ព្រោះតែ មករកយកទូរទស្សន៍ជាទ្រព្យរបស់ខ្លួននៅសេសសល់ទេ ហើយដោយពេលថ្ងៃជាប់រវល់ ទើបអូសបន្លាយមកវេលាយប់បែបនេះ កុំចេះតែចោទ ! ។
ទោះជាយ៉ាងណាក្តី សម្តីខាងស្រីចាក់ទឹកមិនលេច ខាងប្រុសក៏មិនចេះគេច ប៉ូលិសហៅនាំទៅសម្របសម្រួលគ្នានៅប៉ុស្តិ៍ ដើម្បីបញ្ឈប់សង្គ្រាមសម្តីដាក់គ្នា កាលបើស្នេហ៍បែកបាក់ធ្លុះធ្លាយ ដូចកញ្ជើធ្លុះគូទទៅហើយ កិច្ចសន្យាចែកផ្លូវគ្នារៀងខ្លួនបញ្ចប់រឿងទូរទស្សន៍កញ្ចាស់មួយគ្រឿង ៕
មតិយោបល់