ព័ត៌មានជាតិ

ប្លន់ឆៅៗនៅក្នុងខណ្ឌដូនពេញ! ភ្ជង់ប្លន់ជន​ជាតិ​ចិនដល់ក្នុងហាង «ឈិន ស៊ិន ហាងលក់ភេសជ្ជៈ » ​​យកលុយអស់​​ជាង​៣ម៉ឺន​ដុល្លារ​ រត់គេចខ្លួនបាត់ស្រមោល

ភ្នំពេញៈ ជនសង្ស័យ២នាក់ប្រដាប់ដោយកាំបិត​ បានធ្វើសកម្មភាព​ ភ្ជង់ប្លន់ ជន​ជាតិ​ចិន​យកលុយអស់ ​ចំនួន​ប្រមាណ​ជាង​៣ម៉ឺន​ដុល្លារ ​ដល់ក្នុងហាងលក់​ភេសជ្ជៈ​មួយកន្លែងបានសម្រេចរួចគេចខ្លួនបាត់ដោយសុវត្ថិភាព​ មិនរំខានដល់កម្លាំងសមត្ថកិច្ចនោះទេ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង​១១យប់​ ថ្ងៃទី១៥ ខែតុលា​ ឆ្នាំ២០១៨​ នៅក្នុងហាងលក់​ភេសជ្ជៈ​មួយកន្លែង ផ្ទះលេខ២០Eo យីហោ​ (ឈិន​ ស៊ិន​) ដែល​មាន​ទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​៦៣ វិថីត្រសក់ផ្អែម ទល់មុខផ្សារទំនើប​សូរិយា ​ស្ថិតក្នុងសង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌ​ដូនពេញ​ រាជធានីភ្នំពេញ។

ជនជាតិចិនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ​ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ​ គាត់មិនដឹងថាជនសង្ស័យទាំង២នាក់នោះ តាមជនរងគ្រោះមកពីណានោះទេ គាត់ដឹងត្រឹមតែឃើញ​ជនសង្ស័យ​២នាក់ បានចូលទៅក្នុងហាងកើតហេតុខាងលើ ហើយមួយសន្ទុះក្រោយមកក៏ឃើញជនសង្ស័យទាំងនោះ ចេញមកវិញ​ ដោយប្រញ៉ាប់ប្រញ៉ាល់ឡើងរ៉ឺម៉កកង់បី ជិះចេញទៅបាត់ ដោយសុវត្ថិភាព​ មិនរំខានដល់កម្លាំងសមត្ថកិច្ចនោះទេ​ ទើបជនជាតិចិនរងគ្រោះ ស្រែក​ឆោឡោ​ឡើងថាជាករណី ប្លន់ យកលុយអស់ ​ចំនួន​ប្រមាណ​ជាង​៣ម៉ឺន​ដុល្លារ ​ទើប​បង្កការភ្ញាក់ផ្អើលដល់​សមត្ថកិច្ចចុះ​មកកន្លែងកើតហេតុ​តែម្ដង ។

ពាក់ព័ន្ធ​នឹងករណីនេះ លោកអធិការរងនគរបាលខណ្ឌដូនពេញ​ម្នាក់ បានបញ្ជាក់ប្រាប់ឲ្យដឹងថា​ ចំពោះករណីប្លន់ជនជាតិចិន​ យកលុយ អស់​ជាង៣ម៉ឺនដុល្លារ​ខាងលើនេះ ពិតជាមានប្រាកដមែន ខណៈពេលនេះសមត្ថកិច្ចបាននាំ​ជនជាតិចិន​រងគ្រោះ​ មកធ្វើការសាកសួរប៉ុស្តិ៍​នគរបាល​ផ្សារថ្មីទី១ ៕

មតិយោបល់