ភ្នំពេញៈ រោងចក្រកែច្នៃសំរាមឲ្យទៅជាជីកំប៉ុសបាននឹងកំពុងស្ថាបនាចេញជារូបរាង្គហើយ នៅទីលានចាក់សំរាមខណ្ឌដង្កោ ហើយឧបការណ៍មួយចំនួន ដើម្បីបម្រើឲ្យរោងចក្រមួយនេះ ក៏បាននឹងកំពុងបញ្ជូនចូលមកកាន់រោងចក្រនេះជាបន្តបន្ទាប់ផងដែរ។
ដោយឡែកទីលានចាក់សំរាមថ្មី ក៏បាននិងកំពុងដំណើរការចាក់ផងដែរ ស្របពេលដែលទីលានចាក់សំរាមចាស់បានពេញទៅហើយនោះ ហើយដើម្បីជំរុញការងារគ្រប់គ្រងសំរាមខាងលើកាន់តែបានល្អប្រសើរស្របតាមស្តង់ស្តារបច្ចេកទេស និងកាត់បន្ថយបរិមាណសំរាមឲ្យកាន់តែតិចជាងមុននោះ នៅរសៀលថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០១៦ លោក ប៉ា សុជាតិវង្ស អភិបាល នៃគណអភិបាលរាជធានីភ្នំពេញ និងលោកស្រីបានដឹកនាំមន្ត្រីពាក់ព័ន្ធចុះពិនិត្យដល់ទីលានចាក់សំរាមនេះតែម្តង ដើម្បីជំរុញឲ្យការងារគ្រប់គ្រង ការទុកដាក់ និងការកែច្នៃសំរាមប្រព្រឹត្តិទៅបានល្អ។
លោក កែវ ចាន់ណារិទ្ធ ប្រធានគណៈគ្រប់គ្រងទីលានចាក់សំរាមខណ្ឌដង្កោបានឲ្យដឹងថា រោងចក្រកែច្នៃសំរាមឲ្យទៅជាជីកំប៉ុសបាននឹងកំពុងស្ថាបនាស្ទើរបញ្ចប់ទៅហើយ ពោលគឺយ៉ាងយូរមួយសប្តាហ៍ទៀតអាចប្រក់ដំបូល។ ចំណែកគ្រឿងចក្រនិងឧបករណ៍នៃការដំណើរការរោងចក្រនេះក៏បាននិងកំពុងបញ្ជូនចូលមកកាន់ទីលានចាក់សំរាមនេះជាបន្តបន្ទាប់ផងដែរ។ លោកក៏បានបញ្ជាក់ផងដែរ អ្វីដែលនៅមានបញ្ហានោះ គឺការដំឡើងតុងស្យុងអគ្គិសនី ដើម្បីបម្រើឲ្យរោងចក្រ ដោយរោងចក្រនេះ ត្រូវការកម្លាំងភ្លើងអគ្គិសនីលើសការប្រើប្រាស់ក្នុងទីលានរាល់ថ្ងៃរហូតដល់៣ដង។
លោកបន្តថា ការកែច្នៃសំរាមនេះបានទទួលការលើកទឹកចិត្តយ៉ាងខ្លាំងពីលោក ប៉ា សុជាតិវង្ស ពិសេសការកែច្នៃសំរាមទៅជាជីសរីរាង្គ និងជីកំប៉ុស និងការចាប់យកសំណល់ជាផ្លាស្ទិក គ្រីបជាដុំៗ ដើម្បីនាំចេញ។ ក្រៅពីនេះលោកអភិបាលក៏បានរកឃើញដៃគូជាមួយ និងក្រុមហ៊ុនចិន ដើម្បីវិនិយោគសំរាមឲ្យទៅជាថាមពលអគ្គិសនីផងដែរ ពោលគឺនៅតែសុំគោលការណ៍ពីរដ្ឋាភិបាលតែប៉ុណ្ណោះ។
អភិបាលរាជធានីបានមានប្រសាសន៍ថា រាជធានីភ្នំពេញមិនអាចទុកឲ្យនៅប្រឈមនឹងបញ្ហាសំរាមតទៅទៀតទេ ដោយយើងកំពុងចាប់ផ្តើមពីការកែច្នៃសំរាមឲ្យទៅជាជីសរីរាង្គ និងឲ្យទៅជាជីកំប៉ុស ហើយនៅថ្ងៃខាងមុខនេះយើងនឹងស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនវិនិយោគបង្កើតរោងចក្រដុតសំរាមឲ្យទៅថាមពលអគ្គិសនី។
ក្នុងឱកាសនៃការចុះពិនិត្យនោះដែរលោក ប៉ា សុជាតិវង្ស ក៏បានធ្វើការណែនាំឲ្យប្រធានគណៈគ្រប់គ្រងទីលានចាក់សំរាម ពិនិត្យមើលស្ថានភាពជាក់ស្តែង គឺមិនអនុញ្ញាតឲ្យមានក្មេងចូលទៅរើសសំរាមជាមួយឪពុកម្តាយនៅក្នុងទីលានចាក់សំរាម នេះជាដាច់ខាត និងលើកការប្រជុំជាមួយកម្មករឲ្យបានជាប្រចាំ ដើម្បីជំរុញការងារនេះឲ្យកាន់តែប្រសើរឡើងថែមទៀត។
គួរបញ្ជាក់ផងដែរថា ទីលានចាក់សំរាមនេះខណ្ឌដង្កោមានទំហំ៣១,៤ហិចតា ចែកចេញជា៤រណ្តៅ គឺរណ្តៅ A B C D ដែលមកដល់ពេលនេះ រណ្តៅ A Bបានចាក់ពេញនៅខែមេសា ឆ្នាំ២០១៦ ហើយពេលនេះបាននឹងកំពុងចាក់ចូលក្នុងរណ្តៅCបន្ត ហើយរណ្តៅC នេះដែរសម្រាមក៏បានចាក់ចូលប្រមាណជាង២០ម៉ឺនតោនហើយដែរ ស្របពេលដែលមួយថ្ងៃទីលានចាក់សម្រាមនេះបានទទួលសំរាមក្នុងមួយថ្ងៃចំនួនជាង២ពាន់តោន ហើយទីលានថ្មីនេះអាចផ្ទុកការចាក់សំរាមបានប្រមាណ៦ទៅ៧ឆ្នាំទៀត។
លោក កែវ ចាន់ណារិទ្ធ បញ្ជាក់ប្រាប់ថា រណ្តៅ A Bដែលបានចាក់ពេញហើយនេះមានបរិមាណសំរាមចំនួន៣លាន៦សែនតោន៕
មតិយោបល់