ព័ត៌មានជាតិ

ប្រទះឃើញសពស្ត្រីម្នាក់ មិនស្គាល់អត្តសញ្ញាណ អណ្តែតទឹក នៅស្រុកស្ទោង

កំពង់ធំៈ កាលពីវេលាម៉ោង ១០និង៣០ នាទី​ព្រឹកនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ មានករណីប្រទះឃើញសពស្រ្តីម្នាក់ អណ្ដែតទឹក នៅចំណុចត្រពាំងញត ស្ថិតក្នុងភូមិប្រគាប ឃុំម្សាក្រង ស្រុកស្ទោង។

សពស្រ្តីខាងលើមានអាយុ​ ប្រហែល ៤៨ ឆ្នាំ មិនស្គាល់អត្តសញ្ញាណ កម្ពស់ ១៥៥ ស.ម​ សម្បុរខ្មៅស្រអែម សក់រួញក្រឡឹងក ស្លាប់ក្នុងស្ថានភាពអណែ្ដតផ្ងារពោះ ដៃទាំងពីរកន្ធែក ម្រាមដៃក្ដាប់ ជើងទាំងពីរកន្ធែក ពោះហើមប៉ោងធំ មានឈាមលាយទឹកហូរចេញតាមមាត់ និង ច្រមុះ សពពាក់អាវសាច់ក្រណាត់ដៃវែង មានផ្កាក្រហម និង ផ្កាលឿង ស្លៀកខោសាច់ក្រណាត់ជើងវែង ចង្កេះកៅស៊ូ ពណ៌ក្រម៉ៅមានផ្កាពណ៌ស​ ល្អិតៗ ។

សមត្ថកិច្ច បានឲ្យដឹងថា តាមការពិនិត្យលើដងខ្លួន ស្បែកពោះរបក ដោយសារត្រូវកំដៅថ្ងៃ ក្រៅពីនោះពុំមានស្លាកស្នាមអ្វីឡើយ ទើបសន្និដ្ឋានថា សាកសពពិតស្លាប់ដោយសារលង់ទឹកប្រាកដមែន។

តាមការបញ្ជាក់ពីប្រជាពលរដ្ឋ សពជនរងគ្រោះ ជាមនុស្សវិកលចរិក ធ្លាប់មកដេកនៅក្នុងវត្តស្ពឺត្បូង ហើយកាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៨ ប្រជាពលរដ្ឋបានឃើញ ស្រ្ដីដែលមានភិនភាគដូចសាកសពដើរ លុយទឹកនៅចំណុចអូរចក ស្ថិតក្នុងភូមិប្រគាប ចម្ងាយជាងមួយគីឡូម៉ែត្រ ពីកន្លែងប្រទះឃើញសពអណ្តែតទឹក៕

មតិយោបល់