ភ្នំពេញៈ ករណីបង្កការភ្ញាក់ផ្អើលមួយ ដោយលោកគ្រូផ្សំថ្នាំឱសថបុរាណម្នាក់ ផឹកស្រាស្រវឹង ក៏មានទំនាស់ពាក្យសម្ដី ជាមួយប្រពន្ធខ្លួន ហើយបានបង្ខាំងម្តាយក្មេក ដែលមានជំងឺបេះដូង និង លើសឈាម មិនព្រមឲ្យចេញទៅក្រៅ ដើម្បីឲ្យកូនៗជូនទៅពេទ្យព្យាបាលជំងឺ។
ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៨ មាននៅក្នុងផ្ទះឱសថបុរាណ អមតៈកម្លាំងសេះខ្មៅសច្ចំប្រទាន ផ្សំថ្នាំដោយលោកគ្រូ ភូ យ៉ុងនៀន ហៅលោកគ្រូ កៃ យី មានអាស័យដ្ឋានផ្ទះលេខ96C ខាងកើតវត្តទួលទំពូង ផ្លូវម៉ៅសេទុង សង្កាត់បឹងត្របែក ខណ្ឌចំការមន។
ជនរងគ្រោះជាម្ដាយក្មេក ដែលត្រូវកូនប្រសារបង្ខាំងនោះ ឈ្មោះ ស៊ូ ផេន អាយុ៦៥ ឆ្នាំ ស្នាក់នៅបុរីសន្តិភាព២ សង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ មានប្តីឈ្មោះឆែម ឆាន អាយុ៦៨ឆ្នាំ។
សមត្ថកិច្ច បានឲ្យដឹងថា ជនបង្កជាគ្រូផ្សំថ្នាំនោះ មានឈ្មោះ ភូ យ៉ុងនៀន ហៅលោកគ្រូកៃយី មានប្រពន្ធឈ្មោះ ផាណា អាយុ៣០ឆ្នាំ ពួកគេទាំងពីរបានរៀបការ ជាមួយគ្នា១០ឆ្នាំហើយ មានកូន៣នាក់ក្នុងបន្ទុកគ្រួសារ។
ប្រភពដដែលបានបញ្ជាក់ថា លោកគ្រូផ្សំថ្នាំនោះ ជាមនុស្សពិការជើង គឺស្វិតជើងទាំងពីរដើរមិនរួចទេ អង្គុយនៅតែលើរទេះរុញប៉ុណ្ណោះ ហើយមានប្រពន្ធទាំងអស់ចំនួន៤នាក់ នៅក្នុងផ្ទះតែមួយជាមួយគ្នា ប្រពន្ធទាំង៤ រស់នៅចុះសម្រុងគ្នាល្អណាស់ មិនដែលឈ្លោះគ្នាទេ។
ដោយទ្បែកនៅថ្ងៃកើតហេតុ បុរសជាលោកគ្រូថ្នាំខាងលើ បានផឹកស្រវឹង ហើយរករឿងឈ្លោះប្រកែកគ្នា ជាមួយគ្រួសារ ក៏ដូចជាកូនស្រីខ្លួន ដោយមិនដឹងមូលហេតុច្បាស់ ហើយឲ្យតែឈ្លោះម្ដងៗ មិនដឹងជាយកកាំភ្លើងមកពីណាទេ មកកាន់ជាប់ដៃរហូត ធ្វើក្រុមគ្រួសារមានការភិតភ័យ។
ក្រោយកើតហេតុលោកយាយ ត្រូវបានកូនស្រីរបស់គាត់ បានរៀបចំកន្លែងសម្រាកឲ្យនៅក្នុងផ្ទះ ហើយលោកតានិងកូនៗ ក៏បានបើករថយន្តចេញទៅផ្ទះនៅចោមចៅវិញបាត់៕
មតិយោបល់