ព័ត៌មានជាតិ

ម្ចាស់កំពុងរវល់លក់ដូរ ចោរឆ្លៀតឱកាសលួចខោអាវអស់លក្ខណ៍ត្រូវសមត្ថកិច្ចក្របួចជាប់

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីបានធ្វើសកម្មភាពលួចខោអាវជនរងគ្រោះមួយស្បោងធំ ខណៈជនរងគ្រោះកំពុងរវល់លក់ដូរតែមើលឃើញទាន់។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចតូបលេខI.041ក្នុងផ្សារធំថ្មី សង្កាត់ផ្សារថ្មីទី១ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើមានឈ្មោះ សុខ វាសនា អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យខាងលើបានដើរចូលផ្សារធំថ្មី ខណៈមកដល់តូបកើតហេតុ ដោយម្ចាស់តូបទើបតែមកពីផ្ទះមកផ្សារ និងកំពុងតែរវល់រៀបចំខោអាវលក់ដូរ ក៏ស្រាប់តែជនសង្ស័យខាងលើធ្វើសកម្មភាពលួចយកថង់ខោអាវមួយស្បោងធំ ដែលនៅក្នុងថង់នោះមានអាវចំនួន២០ លើកដាក់លើស្មាបម្រុងនឹងលីដើរ ចេញតែអស់លក្ខណ៍ត្រូវម្ចាស់ឃើញទាន់ក៏សែ្រកថាចោរៗ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចដែលនៅក្បែនោះឃាត់ខ្លួនបានទាំងមនុស្ស វត្ថុតាងភ្លាមៗតែម្តង។

ក្រោយកើតហេតុ ស្បោងធំដែលមានអាវ២០នោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យម្ចាស់ដើមវិញ។ ចំណែកជនសង្ស័យបន្ទាប់ពីសាកសួរនៅប៉ុស្តិ៍ផ្សារថ្មីទី១ បានបញ្ជូនខ្លួនបន្តទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

https://youtu.be/g6053T5mzNY

មតិយោបល់