កណ្តាលៈ សមត្ថកិច្ចបានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តស៊ាំយ៉ុងដឹកអ្នកដំណើរ បានវ៉ាជែង ទៅបុកនឹងរថយន្តដឹកទំនិញធុនតូច ពេញទំហឹង បណ្តាលឲ្យភាគីរថយន្តដឹកទំនិញ ក្រឡាប់ និងរបួសមនុស្ស១១នាក់ រងរបួសធ្ងន់និងស្រាល។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៩និង៥០នាទី ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅចំណុចលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ៣៥-៣៦ ក្នុងភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ករណីនេះបង្កឡើងដោយរថយន្តម៉ាកស៊ាំយ៉ុង ពណ៌បៃតងចាស់ ប្រភេទដឹកអ្នកដំណើរធុនតូច ពាក់ស្លាកលេខ ភ្នំពេញ 2M-7680 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ បើកដឹកអ្នកដំណើរមានទិសដៅពីអ្នកលឿងទៅភ្នំពេញ។ ពេលបើកមកដល់កន្លែងកើតហេតុខាងលើ បានបើកជែងរថយន្តធុនធំទៅបុកជាមួយរថយន្តម៉ាកគា ដឹកទំនិញ ពណ៌ស ប្រភេទដឹកទំនិញធុនតូច ពាក់ស្លាកលេខ ភ្នំពេញ 2AU-7202 បើកបរដោយឈ្មោះ ថៃ ចាន់ធូ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅ ភូមិបាជ័យ ឃុំណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ បណ្តាលឲ្យមនុស្ស១១នាក់រងរបួសធ្ងន់និងស្រាល ក្នុងនោះរួមមាន៖
១/ ឈ្មោះ ថៃ ចាន់ធូ អ្នកបើកបររថយន្តរបួសស្រាល បញ្ជូនទៅពេទ្យកាល់ម៉ែត
២/ ឈ្មោះ អូច សម្បតិ ភេទស្រី អាយុ ២៦ឆ្នាំ មានទីលំនៅភូមិភ្នំសំពៅលិច ឃុំ សំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងរបួសធ្ងន់ (បាក់ដងកាំបិតឆ្វេង) បញ្ជូនទៅពេទ្យកាល់ម៉ែត។
៣/ ឈ្មោះ សាន់ ធា ភេទស្រី អាយុ ៤៤ឆ្នាំ មានទីលំនៅ ភូមិ ទ្រាំង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង របួសធ្ងន់(បាក់ស្មងជើងឆ្វេង) បញ្ជូនទៅកាន់ពេទ្យកាល់ម៉ែត។
៤/ ឈ្មោះអ៊ូ ពៅ ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិទ្រាំង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង របួសធ្ងន់(បាក់ដើមដៃស្តាំ)បញ្ជូនទៅកាន់ពេទ្យកាល់ម៉ែត។
៥/ ឈ្មោះ គង សំណាង ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅ ភូមិជាងដែក ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង របួស នៅពេទ្យបង្អែកស្រុកកៀនស្វាយ។
៦/ ឈ្មោះ សាន ពិសិដ្ឋ ភេទប្រុស អាយុ ៣ឆ្នាំ ខេត្តព្រៃវែង របួសស្រាល បញ្ជូនទៅកាន់ពេទ្យគន្ធបុប្ផា
៧/ ឈ្មោះ អ៊ិច សាវ៉េត ភេទ ស្រី អាយុ៤៨ឆ្នាំ មានទីលំនៅ ខេត្តព្រៃវេងបាក់ស្មងជើងស្តាំ នៅពេទ្យកេតុមាលា។
៨/ ឈ្មោះ រ៉េត អេត ភេទប្រុស អាយុ២៥ឆ្នាំ នៅខេត្តព្រៃវែង របួសស្រាល នៅពេទ្យមណ្ឌលសុខភាពបន្ទាយដែក។
៩/ ឈ្មោះ សេក សេន ភេទប្រុស ៣៨ឆ្នាំ មានទីលំនៅខេត្តព្រៃវែង របួសធ្ងន់ បាក់ស្មងជើងឆ្វេង នៅពេទ្យកេតុមាលា។
១០/ ឈ្មោះ ថាន លក្ខិណា ភេទស្រី អាយុ ១០ឆ្នាំ ទីលំនៅខេត្តព្រៃវែង របួសធ្ងន់ គន្ធបុប្ផា
១១/ ឈ្មោះ នាង វណ្ណា ភេទស្រី អាយុ៤៦ឆ្នាំ មានទីលំនៅ ខេត្តព្រៃវែង របួសស្រាល នៅមណ្ឌលសុខភាពបន្ទាយដែក។
ក្នុងនោះបណ្តាលឲ្យរថយន្តគាដឹកទឹកកក ក្រឡាប់ ចំណែកភាគីរថយន្តស៊ាំយ៉ុងវិញខ្ទេចស្ទើរទាំងស្រុង ត្រូវបានសមត្ថកិច្ចយកមករក្សាទុក ជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។ ចំណែកអ្នកបើកបររថយន្ត របួសទៅពេទ្យម្នាក់ រត់គេចម្នាក់។
ហើយបើតាមការសន្និដ្ឋាន ករណីនេះបង្កឡើងដោយអ្នកបើករថយន្តស៊ាំយ៉ុង ធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់៕
មតិយោបល់