ព័ត៌មានជាតិ

Update៖ រថយន្តដឹកទំនិញក្រុមហ៊ុន រាជសីហ៍ឡូជីស្ទិក ដាច់ហ្វ្រាំងទាញចង្កូតឡើងសួន បុកបង្គោលប៉ាណូផ្សាយពាណិជ្ជកម្មធនាគារ

ភ្នំពេញ: រថយន្តដឹកទំនិញរបស់ក្រុមហ៊ុន រាជសីហ៍ឡូជីស្ទិកមួយគ្រឿង ដែលអ្នកបើកបរអះអាងថា ដាច់ហ្វ្រាំងបានទាញចង្កូតគេចយានយន្តនៅពីមុខ ក៏បានជ្រុលឡើងសួនច្បារ ខណ្ឌចែកទ្រូងមហាវីថី ទៅបុក បង្គោលបាណូផ្សាយពាណិជ្ជកម្មធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បណ្តាលឲ្យបាក់រលើងទាំងគ្រឹះ។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ ១០និង២០នាទី ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ កែងផ្លូវឡុងឈិន ក្នុងភូមិ ផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។

រថយន្តដែលកើតមានគ្រោះថ្នាក់ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស លាយត្រួយចេក ពាក់ផ្លាកលេខ ភ្នំពេញ 3C-1049 ជារថយន្តដឹកទំនិញរបស់ក្រុមហ៊ុន រាជសីហ៍ឡូជីស្ទិក បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណឡើយ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្ត នោះបានធ្វើដំណើរ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ពេលមកដល់ចំណុច កើតហេតុមានរថយន្ត បត់ឆ្លងផ្លូវ រថយន្តនោះក៏ បានជាន់ហ្វ្រាំង តែមិនស៊ីទាញចង្កូតគេចទៅឆ្វេងដៃជ្រុលឡើងសួនច្បារតែម្តង ។

ប្រភពបន្តឲ្យដឹងទៀតថា ដោយសាតែរថយន្តនោះបើកក្នុងលឿន ក៏ជ្រុលបុកបង្គោលប៉ាណូផ្សាយពាណិជ្ជកម្មធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បណ្តាលឲ្យបាក់រលើង ទាំងគ្រឹះដួលរាលដល់ដី។ គ្រោះថ្នាក់នេះពុំបណ្តាលឲ្យមនុស្សរងរបួសឡើយ បន្ទាប់ពីកើតមានគ្រោះថ្នាក់អ្នកបើកបរ បានចុះគេចខ្លួនបាត់។ ភ្លាមៗ នគរបាលមូលដ្ឋាន ក៏បានចុះទៅកន្លែងកើតហេតុ ទាក់ទង់ទៅនគរបាលចរាចរណ៍ ចុះទៅយករថយន្តបញ្ជូនទៅកាន់ការិយាល័យ ចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយសងការខូចខាត៕

មតិយោបល់