ព័ត៌មានជាតិ

ជិះម៉ូតូបុកគោយន្តកន្ត្រៃពីក្រោយស្លាប់

សៀមរាបៈ បុរសម្នាក់បើកម៉ូតូខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកគោយន្តកន្ត្រៃ ឈប់ស្ងៀមពីក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ។ ឯអ្នកបើកគោយន្តប្រឹងរត់បានចម្ងាយ១៥គីឡូម៉ែត្រក៏ត្រូវសមត្ថកិច្ចកិច្ចឃាត់ខ្លួន។

ហេតុការណ៍នេះ កើតឡើងនៅ វេលាម៉ោង១៩ និង៣០នាទីយប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ នៅលើដងផ្លូវក្រាលកៅស៊ូ ស្ថិតនៅក្នុងភូមិពង្រថ្មី ឃុំសសរស្តម្ភ ស្រុកពួកខេត្តសៀមរាប។

នគរបាលស្រុកពួកបានឲ្យដឹងថា នៅក្នុងហេតុការណ៍នេះ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ បន្ទាប់ពីបានបញ្ជូនទៅជួយសង្គ្រោះនៅមន្ទីរពេទ្យ ឃុំសសរស្ដម្ភ គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយគោយន្តកន្ត្រៃទឹកឪឡឹកលក់ បើកបរដោយឈ្មោះ រឿន អ៊ាក ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិពេង ឃុំដូនពេង ស្រុកអង្គរជុំខេត្តសៀមរាប បានបើកពីត្បូងទៅជើងលុះដល់ចំណុចកើតហេតុបានឈប់ ដោយមិនមានដាក់ស្លាកសញ្ញាសំគាល់ហើយត្រូវបានអ្នកបើកបរម៉ូតូ សេ១០០ ពណ៌ក្រហម គ្មានស្លាកលេខ បើកស្របទិសគ្នា មកពីក្រោយបុកពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់ រហូតដល់ស្លាប់ នៅក្នុងមន្ទីរពេទ្យឃុំ។

នគរបាលបានបន្ដថា ជនរងគ្រោះដែលស្លាប់ក្នុងករណីនេះ មានឈ្មោះ រុន សាង ភេទប្រុសអាយុ២១ឆ្នាំ មុខរបរជាងផ្សារដែក មានស្រុកកំណើតនៅខេត្តកំពត បច្ចុប្បន្នស្នាក់នៅភូមិឃុំកើតហេតុ។

លោកអធិការនគរបាលស្រុក បានបន្តទៀតថា ម្ចាស់គោយន្តកន្ត្រៃនៅពេលកើតហេតុបានបើករត់គេចខ្លួន បានចំងាយប្រហែល១៥គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំក្តីរុន ស្រុកពួក ទើបកម្លាំងនគរបាលយើងធ្វើការឃាត់ខ្លួន បាននិងបាននាំមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការទៅតាមនីតិវិធីច្បាប់។

បច្ចុប្បន្នជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។ គោយន្តកន្ត្រៃនិងម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលនាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពួក៕

មតិយោបល់