ព័ត៌មានជាតិ

ព័ត៌មានបន្ថែម៖ រឿងមើលមុខគ្នា ឈានដល់ជម្លោះបង្កហិង្សា ហ៊ានទះកំផ្លៀង ទាំងសមត្ថកិច្ចទៀត អាងស្វាងសុំទោស ពេលនេះ ចេញដីកាឃុំខ្លួនមនុស្សពីរនាក់

សៀមរាបៈ កាលពីល្ងាចថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅតំបន់ផាប់ស្ទីតក្បែរផ្សារចាស់ ក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប លោក ថាន់ ឃុង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប បានសម្រេចចេញដីកាឃុំខ្លួនមនុស្សពីរនាក់ ករណីប្រើហិង្សានៅធិមផលបារ (TempleBar)។

ជនសង្ស័យទី១ឈ្មោះ ឡៅ ជីងលី ភេទប្រុស អាយុ៣០ឆ្នាំ និងទី២ ឈ្មោះ ង៉ូវ លីហ៊ុយ ភេទស្រី អាយុ២២ឆ្នាំ ពួកគេមានទីលំនៅរាជធានីភ្នំពេញ អ្នកទាំងពីរ ត្រូវបានចោទប្រកាន់ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស តាមមាត្រា២១៧ និងមាត្រា២១៨ ដែលបានប្រព្រឹត្តិកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចកើតហេតុ។

ជនរងគ្រោះឈ្មោះ ឆៃ វឌ្ឍនា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមន្រ្តីយោធា និងមានទីលំនៅខណ្ឌចំការមន រាជធានីភ្នំពេញ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ វេលាម៉ោង ១១ និង ២០នាទីយប់ថ្ងៃទី២៨.៩.១៩ ជនរងគ្រោះ និងមិត្តភក្ដិ បាននាំគ្នាចូលទៅផឹកស៊ី នៅក្នុងហាងខាងលើ តែមិនទាន់បានផឹកផង ពេលដើររកកន្លែងអង្គុយ ស្រាប់តែពួកគេ បានជួបនឹងឈ្មោះ ឡៅ ជីងលី ហើយឈ្មោះ តុប សុភក្ត្រា ដែលជាមិត្តភក្តិជនរងគ្រោះ បានមើលមុខឈ្មោះ ឡៅ ជីងលី ខណៈនោះឈ្មោះ ឡៅ ជីងលី ក៏បាននិយាយថា «អាឯងមើលមុខអី ភាគីទាំងពីរ បានប្រកែកគ្នា ក៏កើតជាជម្លោះទៅវិញទៅមក ពេលនោះឈ្មោះ ឡៅ ជីងលី បានស្ទុះមកវាយលើឈ្មោះ តុប សុភក្ត្រា ហើយឈ្មោះ ឆៃ វឌ្ឍនា ក៏បានចូលទៅជួយឃាត់ ត្រូវបានឈ្មោះ ឡៅ ជីងលី យកកែវស្រា ដែលជាកែវថ្មវាយមកលើឈ្មោះ ឆៃ វឌ្ឍនា ចំក្បាលបណ្ដាលឲ្យបែកឈាម ចំនួន០២កន្លែង ផ្នែកខាងស្តាំដេរ០៤ថ្នេរ ផ្នែកខាងឆ្វេងដាច់រយះដេរចំនួនមួយថ្នេរ និងរងរបួសរយះលើចង្អុលដៃខាងស្ដាំដេរចំនួន៣ថ្នេរ ចំណែកឈ្មោះ ឡៅ ជីងលី នៅពេលវាយទៅលើជនរងគ្រោះ កែវបែកបានមុតដៃខ្លួនឯង ត្រង់ប្រអប់ដៃខាងស្ដាំដេរចំនួន០៨ថ្នេរដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចនាំខ្លួនភាគីទាំងពីរ យកមកធ្វើការសាកសួរ ដោយឈ្មោះ ឡៅ ជីងលី បានសារភាពថា ខ្លួនពិតជាបានវាយទៅលើឈ្មោះ ឆៃ វឌ្ឍនា ប្រាកដមែន។ បញ្ជាក់៖ ជនបង្កបានទះកំផ្លៀង ទៅលើសមត្ថដកិច្ច ១ដៃ នៅមុខមហាជន តែក្រោយស្វាងស្រាក៏សុំទោសវិញ៕

មតិយោបល់