ព័ត៌មានជាតិ

អធិការស្រុកកំពង់ស្វាយបង្រ្កាបបនល្បែងស៊ីសងដុះស្លែមួយកន្លែង

កំពង់ធំៈ ស្រុកកំពង់ស្វាយ ត្រូវបានល្បីខាងភ្នាល់ ឆ្នោត រួមទាំងល្បែងស៊ីសង បៀ អាប៉ោង ជាប់លំដាប់ថ្នាក់លេខ២ ក្នុងខេត្តកំពង់ធំ បន្ទាប់ពីស្រុកបារាយណ៍ បានធ្វើឲ្យមានការរង្គោះរង្គើ ដល់បញ្ហាសន្តិសុខសង្គម រហូតធ្វើឲ្យក្រុមគ្រួសារមានជម្លោះទាស់ទែង ដោយសារតែការ ព្រាយល្បែងជើងមួយ ភ្លេចភ្លាំងការងារ រួមទាំងជំពាក់បុលវ័នករ។

ជាក់ស្តែងនៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ លោក ខេន ឈុនគ័រ អធិការស្រុកកំពង់ស្វាយ បានបញ្ជារកម្លាំងបុស្តិ៍រដ្ឋបាលឲ្យដឹកនាំកម្លាំងចុះបង្រ្កាបបនល្បែងស៊ីសងនៅចំណុចត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលល្បែងស៊ីសងនេះ ត្រូវបានបើកឲ្យដំណើរការចាក់ភ្នាល់ដោយលោក ធី គិន ភេទប្រុស ជាម្ចាស់ផ្ទះ បាន ផ្តល់ទីតាំងឲ្យមានការលេងស្បែងស៊ីសងទាំងថ្ងៃទាំងយប់ ដោយមិនខ្វល់ពីការចូលរួមចំណែកការពារភូមិឃុំមានសុវត្តិភាពនោះទេ។

ប្រតិបត្តិការបង្រ្កាបបនល្បែងស៊ីសងនេះ ក្រុមអ្នកញៀនល្បែងហាក់ដូចជា ដឹងខ្លួនមុខ ទើបក្រុមអ្នកញៀនល្បែងបានរត់អស់ មុនពេលសមត្ថកិច្ចចូលទៅដល់ ទីបំផុតការបង្រ្កាបបាននៅសល់តែម៉ូតូមួយគ្រឿង ម៉ាកសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1H-7088 សេរីឆ្នាំ២០១៦ នាំយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលជ័យ តែព័ត៌មានចុងក្រោយត្រូវបានដឹងថា ម្ចាស់ម៉ូតូបានមកស៊ីសសុសគ្នាជាមួយសមត្ថកិច្ច ដើម្បីដោះយកម៉ូតូទៅវិញដោយសុវត្តិភាព។

អ្នកមីងម្ចាស់ផ្ទះបានអគុណដល់សមត្ថកិច្ច ដែលបានមកបង្រ្កាបបនល្បែងស៊ីសងនៅផ្ទះគាត់ ដោយសារតែកន្លងមក គាត់រស់នៅជាមួយប្តីរបស់អ្នកស្រី មានការលំបាកខាងផ្លូវចិត្តស្ទើរបែកដើមទ្រូង ដោយសារប្តីរបស់គាត់ជាមនុស្សញៀនល្បែងភ្លេចការងារ ភ្លេចកូន ភ្លេចប្រពន្ឋ មួយថ្ងៃៗនាំគ្នាលេងតែល្បែង អ្នកមីងបានបន្តថា គាត់បានទៅធ្វើកម្មករ ស៊ីឈ្នួលដាំដំឡូងមី បានកម្រៃមួយថ្ងៃ២ម៉ឺនរៀល ទៅម្តងរាប់ខែនៅស្រុកសណ្តាន់ រីឯប្តីគាត់នាំលេងល្បែងហើយជំពាក់ គេមកដល់ថ្ងៃនេះ២០០០ដុល្លារហើយ ទើបធ្វើឲ្យអ្នកមីងអស់សង្ឃឹមដោយសារតែប្តីរបស់អ្នកមីងមិនកែចរិត៕

មតិយោបល់