កណ្ដាលៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៨និង៥៨នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ២២-២៣ ស្ថិតក្នុងភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។
មន្ត្រីនគរបាលចរាចរណ៍ស្រុកពញាឮ បានឲ្យដឹងថា ជនរងគ្រោះស្លាប់មានគ្នា២នាក់ ទី១-ឈ្មោះ ពិន វីរៈ ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកបើកបរម៉ូតូម៉ាក HONDA DREAM ធុន C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1FF-2130 និងជនរងគ្រោះទី២/ឈ្មោះ.កែវ សារិទ្ធ អាយុ៥៧ឆ្នាំ មានទីលំនៅភូមិឌួង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ជាអ្នកថ្មើរជើង)។
ប្រភពដដែលបន្តថា កាលពីនៅវេលាថ្ងៃខែឆ្នាំ កើតហេតុខាងលើ ជនរងគ្រោះឈ្មោះ កែវ សារិទ្ធ ជាអ្នកថ្មើរជើងបានដើរឆ្លងផ្លូវក្នុងទិសដៅពីកើតទៅលិច លុះពេលដើរឆ្លងមកដល់ចំណុចកើតហេតុខាងលើ ក៏ត្រូវម៉ូតូ១គ្រឿង បើកបរដោយឈ្មោះ ពិន វីរៈ បើកបរទិសដៅពីជើងទៅត្បូង ដោយល្បឿនលឿន បានបុកអ្នកថ្មើរជើងខាងលើ បណ្តាលឲ្យស្លាប់តែម្តង។
ក្រោយពីមានហេតុការណ៍កើតឡើង នគរបាលចរាចរណ៍ស្រុកពញាឮ បានចុះទៅដល់កន្លែងកើតហេតុ រួចពិនិត្យវាស់វែង កសាងសំណុំរឿងដកហូតម៉ូតូយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ។ ចំណែកសាកសពទាំង២នាក់ ត្រូវសមត្ថកិច្ចជំនាញ ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់