កណ្តាលៈ មានករណីគ្រោះថ្នាក់ចរចារណ៍មួយបានកើតឡើង រវាងម៉ូតូសណ្ដោងរ៉ឺម៉ក និងរថយន្ត បណ្តាលឲ្យមនុស្សប្រុសស្រី២នាក់ រងរបួសធ្ងន់ កាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃ១៦ ខែតុលា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៣៦-៣៧ ចំណុចភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបង្កឡើងដោយសាររថយន្តមួយគ្រឿង តូយ៉ូតា HIACE ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ AT ១៨.២.០២១២ (អ្នកបើកបររត់គេចបាត់) ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានមកបុកចំកន្ទុយ រ៉ឺម៉កម៉ូតូ មួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FQ-9045 បើកបរដោយ ឈ្មោះថន ធួន ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិល្វាក្រោម ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម ដែលមានអ្នករួមដំណើរម្នាក់ ឈ្មោះធួន ច័ន្ទរតនា ភេទស្រី អាយុ២៣ឆ្នាំ មានទីលំនៅភូមិ-ឃុំជាមួយគ្នា ធ្វើដំណើរឆ្លងផ្លូវពីកើតទៅលិច បណ្ដាលឲ្យរបួសធ្ងន់ដល់អ្នកបើកបរ ម៉ូតូសណ្ដោងរ៉ឺម៉កនិងអ្នករួមដំណើរ ហើយបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ។
ក្រោយពីទទួលព័ត៌មានកម្លាំងជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការវាស់វែង និងយកមធ្យោយទាំង២មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។ ចំណែកមូលហេតុ កើតឡើងដោយសារអ្នកបើកបររថយន្ត HIACE បើកបរក្នុងល្បឿនលឿន ហើយជាផ្លូវបំបែក និងមានស្លាកសញ្ញាកំណត់ល្បឿន នៅទីប្រជុំជន៕
មតិយោបល់