ភ្នំពេញៈ យុវជនជាជាងឈើម្នាក់គាំងបេះដូងដេកស្លាប់នៅលើរានហាលទាំងវ័យក្មេង។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ នៅចំណុចរានហាលផ្ទះគ្មានលេខ ផ្លូវ១៥១ ក្នុងភូមិបឹងសង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សាកសពជនរងគ្រោះឈ្មោះ វែ វុធ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលេខ១៥១ ភូមិបឹង សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ។
សមត្ថកិច្ចឲ្យដឹងតាមកាបំភ្លឺរបស់ឈ្មោះ ឈឿន ជាតិសុនវិរៈ និងឈ្មោះ គ្រៀច ស៊ីម ថានៅវេលាម៉ោងប្រហែល១០ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ឈ្មោះឈឿនជាតិបានបបួលជនរងគ្រោះផឹកស៊ី ជនរងគ្រោះក៏យល់ព្រមផឹកស្រាបៀរមួយកំប៉ុងរួចប្រាប់ថាខ្លួនមិនស្រួលខ្លួនទេក៏ឈប់ផឹកហើយបែកគ្នាតែម្តង។ បន្ទាប់មកនៅម៉ោងប្រហែល៣និង៣០នាទីរសៀល ជនរងគ្រោះក៏ជិះម៉ូតូរបស់ខ្លួនម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BJ-8371ចេញពីផ្ទះកើតហេតុដើម្បីទៅមើលប្អូនស្រីបង្កើតដែលទើបតែសម្រាលកូននៅម្តុំទឹកថ្លាខណ្ឌសែនសុខ។
ពេលត្រឡប់មកវិញជនរងគ្រោះក៏បានឌុបម្តាយមីងបង្កើតឈ្មោះគ្រៀច ស៊ីមហើយដល់ម៉ោង៦និង៣០នាទីល្ងាច ជនរងគ្រោះក៏ចូលរួមផឹកស៊ីក្នុងកម្មវិធីខួបកំណើតក្មួយជីដូនមួយឈ្មោះជាតិស្រីនិចរហូតដល់ម៉ោង៩និង៣០នាទីយប់ ចប់កម្មវិធីខួបកំណើតជនរងគ្រោះក៏ឡើងទៅសម្រាកដេកនៅរានហាលផ្ទះកើតហេតុលុះដល់ម៉ោងប្រហែល៨និង៤០នាទីព្រឹកថ្ងៃទី១៧ខែឆ្នាំដដែល ទើបឈ្មោះសុនវិរៈឡើងទៅដាស់ជនរងគ្រោះទើបដឹងថាជនរងគ្រោះស្លាប់ទើបផ្អើលឆោឡោតែម្តង។
តាមការបំភ្លឺតាមការពិនិត្យរបស់ការិយាល័បច្ចេកទេសនិងកោសល្យវិច័យរាជធានីភ្នំពេញ សពពិតជាស្លាប់ដោយសារគាំងបេះដូងមែន។
សមត្ថកិច្ចបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅភូមិធំជើងសង្កាត់ពញ្ញាពន់ខណ្ឌព្រែកព្នៅ៕
មតិយោបល់