ព័ត៌មានជាតិ

រថយន្តTACOMAរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស បើកបត់ចូលក្នុងបន្ទាយ ត្រូវរថយន្តស៊េរីទំនើបមួយគ្រឿងទៀតបុកខូចខាតទាំងសងខាង

ភ្នំពេញៈ បុរសម្នាក់រួមដំណើរនិងបុរស៣នាក់ទៀតបើករថយន្តTACOMAមួយគ្រឿងរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស បត់ឆ្វេងដៃចូលក្នុងបន្ទាយ ត្រូវបានរថយន្តNISSANមួយគ្រឿងទៀតបើកបរដោយនារីស្រស់ស្អាតម្នាក់ក្នុងទិសដៅបញ្ច្រាសគ្នាបុកបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង តែមិនង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៣០ នាទីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខបន្ទាយកងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមបណ្តោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរស ម្នាក់រួមដំណើរនិងបុរស៣នាក់ទៀតបើករថយន្តTACOMAមួយគ្រឿង​ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-2630 បិតឡូហ្គោ អ-ហ របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើបានស៊ីញូបត់ឆ្វងដៃដើម្បីចូលទៅក្នុងបន្ទាយ ខណៈនោះក៏មានរថយន្តមួយគ្រឿងម៉ាកNISSAN-KICKS ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BB-2272 បើកបរដោយនារីស្រស់ស្អាតម្នាក់បញ្ច្រាសទិសដៅគ្នាពីជើងទៅត្បូងបានបុកចញ្ឆិតផ្នែកខាងមុខខាងឆ្វេងបណ្តាលឲ្យរថយន្តទាំង២គ្រឿង រងការខូចខាតផ្នែកខាងឆ្វេងយ៉ាងដំណំដូចគ្នា។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់បន្ទាប់មកភាគីទាំងសងខាងសម្របសម្រួលគ្នាដោយមិនមានខាងណាសងខាងណាបានយករថយន្តទៅជួលជុលរៀងៗខ្លួន៕

មតិយោបល់