ភ្នំពេញៈ បុរសម្នាក់បើករថយន្ដអូឌីមួយគ្រឿងក្នុងស្ថានភាពស្រវឹង បើកបុករ៉ឺម៉កកង់បីលក់ដូរនៅចិញ្ចើមផ្លូវប៉ើងជាង១០ម៉ែត្រ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងច្រង៉ាង និងបណ្ដាលឲ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៥០នាទីយប់រំលងអធ្រាត្រ ឈានចូលនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវសុធារស ក្បែរផ្សារកុងទ័រន័រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ ស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្ដទំនើងម៉ាក អូឌី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-8808 ក្នុងល្បឿនលឿនបើកបរក្នុងទិសដៅពីជើងមកត្បូរពេលមកដល់ចំណុចកើតហេតុក៏បានរេចង្កូតមខាងឆ្វេងបុករះរ៉ឺម៉កកង់បីលក់ដូរនៅតាមផ្លូវបណ្ដាលឲ្យក្រឡាប់ផ្ងារជើងច្រង៉ាង។ រីឯរបស់របរដែលប្រជាពលរដ្ឋលក់ដូរវិញគឺបណ្ដាលឲ្យរាយពេញផ្លូវនិងរងការខូចខាតទ្រព្យសម្បត្ដិរបស់ប្រជាពលរដ្ឋជាច្រើន និងបង្ករគ្រោះថ្នាក់ដល់ក្មេងប្រុសម្នាក់របួសធ្ងន់។ ចំណែកឯរថយន្ដមិនទាន់អស់ល្បឿនបានជ្រុលទៅបុកទម្លុះការដ្ឋានមួយកន្លែងកល់ជាប់ទៅមុខលែងរួច។
ក្រោយពេលកើតហេតុសមត្ដកិច្ចមូលដ្ឋានបានចុះមកដល់នឹងកន្លែងកើតហេតុបានទាក់ទងទៅនិងជំនាញមកវាស់វែងយករថយន្តបង្ករនិងតៃកុងទៅការិយាល័យចរាចរណ៍ជើងគោកស្នងការរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់