ភ្នំពេញៈ ស្ទើរតែពេញមួយជីវិតទៅហើយ ពោល គឺតាំងវ័យកុមារ រហូតដល់ចាស់ជរាវ័យ៨៩ឆ្នាំ លោកតាម្នាក់ ជួបតែទុក្ខលំបាក់ឥតល្ហែព្រោះជីវភាពក្រីក្ររកព្រឹកខ្វះល្ងាចរកល្ងាចខ្វះព្រឹក ក្នុងភាពជាមេគ្រួសារទទួលរែកពន្ធចិញ្ចឹមកូនប្រុសស្រី៨នាក់ រស់ក្នុងខ្ទមផ្ទះបាក់បែកតូចមួយ។ តែអ្វីដែលលោកតាប៉ងប្រាថ្នាមុនគាត់លាចាកលោកយើងនេះ លោកសុំឲ្យបានជួបសម្តេច ហ៊ុន សែន ដើម្បីសុំលុយសម្តេចត្រឹមតែ១០០០ដុល្លារប៉ុណ្ណោះ ដើម្បីយកទៅធ្វើផ្ទះ។ នៅទីបំផុត បំណងប្រាថ្នារបស់លោកតាបានសម្រេចដូចបំណង ក្រោយពីសម្តេចបានទទួលដំណឹងដ៏គួរឲ្យអាណិតអាសូរនេះមក។
មិនត្រឹមតែលោកតាបានជួបសម្តេចសុំលុយ១០០០ដុល្លារ ដើម្បីយកទៅធ្វើផ្ទះប៉ុណ្ណោះទេ ពោល គឺលោកតាកំសត់ក៏ទទួលបានកំណប់លើសអ្វីៗដែលលោកតារំពឹងទុកពេញមួយជីវិតទៅទៀត គឺលោកតា ត្រូវបានសម្តេចតេជោ ហ៊ុន សែន ទទួលជួបលោកតានៅគេហដ្ឋានរបស់សម្តេចក្បែរវិមានឯករាជ្យ នាព្រឹកថ្ងៃទី១ ខែកក្ដដា ឆ្នាំ២០១៦នេះ។
នៅក្នុងការជួបផ្ទាល់ជាមួយលោកតាកំសត់នេះ សម្តេច តេជោ បាទទួលរាក់ទាក់លោកតាយ៉ាងខ្លាំងផងដែរ។ នៅពេលនោះ លោកតាមានក្ដីរំភើបយ៉ាងខ្លាំងរកអ្វីប្រៀបផ្ទឹមពុំបាននោះទេ។ ក្រោយពីសម្តេចតេជោ បានស្តាប់រឿងរ៉ាវដ៏កំសត់របស់លោកតារួចមក សម្តេចបានធ្វើតាមសំណូមលោកតាគ្រប់យ៉ាង ហើយសម្តេចបានផ្តល់នូវអ្វីដែលលោកមិនធ្លាប់គិតដល់នោះ គឺសម្តេចទួទលសាងសង់ផ្ទះឲ្យ ផ្តល់អង្ករ៥០គីឡូក្រាម និងលុយ៥០ម៉ឺនរៀល ក្នុងមួយខែ។ លើសពីនេះទៅទៀត អ្វីដែលលោកតាកាន់តែរំភើបនោះ គឺសម្តេចទទួលយកលោកតាជា ឪពុកធម៌ ទុកដូចជាឪពុកបង្កើត និងចិញ្ចឹមលោកតាអស់មួយជីវិតតែម្ដង ហើយលោកតាក៏ទទួលយកសម្តេចតេជោ ជាកូនធម៌ផងដែរ ចាប់ពីថ្ងៃនេះតទៅ។ ចាប់ពីពេលនេះតទៅ សម្តេចឈប់ឲ្យឪពុកធម៌របស់សម្ដេច ទៅធាក់ស៊ីក្លូទៀតហើយ ដោយឲ្យគាត់សម្រាកនៅផ្ទះនៅឯស្រុក បានទៅវត្តធ្វើបុណ្យធ្វើទាននឹងគេ។ គួរបញ្ជាក់ផងដែរថា លោកតាដ៏សែនមហាសំណាងនៃជីវិតចុងក្រោយនេះ ឈ្មោះ ពុត សឿន មានអាយុ៨៩ឆ្នាំ រស់នៅភូមិសង្កែ ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
រំឭកពីដំណើររឿងមុនពេលលោកតាមហាសំណាង បានឈានទៅដល់ជួបសម្តេចតេជោ គឺលោកតាបានសុំឲ្យអ្នកលេងហ្វេសប៊ុកជួយថត និងសរសេររឿងរ៉ាវបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ដែលចែករំលែកព័ត៌មានលោកតាម្នាក់នេះ។ ហើយលោកតាបានរៀបរាប់ឲ្យដឹងថា លោកតាមកពីខេត្តស្វាយរៀង ប្រកបមុខរបរធាក់ស៊ីក្លូ នៅរាជធានីភ្នំពេញ ដើម្បីយកកម្រៃបន្តិចបន្តួចសម្រាប់ចិញ្ចឹមជីវិត ដោយជួលស៊ីក្លូគេក្នុងមួយថ្ងៃ ថ្លៃ៤០០០រៀល។
បើតាមការអះអាងរបស់លោកតា ពុត សឿន គឺគាត់មានអាយុ៨៩ឆ្នាំ និងមានកូនចំនួន៨នាក់ ឯកូនច្បងគាត់មានអាយុ៦០ឆ្នាំទៅហើយ។ នាពេលយប់ លោកតា គាត់គ្មានកន្លែងស្នាក់នៅសមរម្យនោះទេ គឺដើរជ្រកកោនដេកតាមសំយ៉ាបផ្ទះគេរៀងរាល់រាត្រី។
បំណងប្រាថ្នាចុងក្រោយនៃជីវិតរបស់លោកតា គឺចង់ជួបសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយសុំលុយចំនួន១០០០ដុល្លារ ដើម្បីយកទៅធ្វើផ្ទះស្នាក់នៅសម្រាប់ជីវិតចុងក្រោយ នៅឯខេត្តស្វាយរៀង។ ឥឡូវលោកតាបានទទួលបាននូវអ្វីលើសពីលោកតាប៉ងប្រាថ្នាទៅទៀត៕
មតិយោបល់