ព័ត៌មានជាតិ

ឥណ្ឌាចាប់ផ្តើមបើក​​សាកល្បង​ នាវា​ផ្ទុក​យន្តហោះ “Made In India”​ ដែល​ជា​សមិទ្ធិផលដំបូង​

បើ​តាម​យោធា​ជើង​ទឹក​ឥណ្ឌា ពេលនេះឥណ្ឌា​បាន​សម្រេច​បំណង ដោយ​បាន​ចូល​ក្នុង​ចង្កោម​ នៃ​ក្រុមប្រទេសដែល​មាន​សមត្ថភាព​រចនា​​និង​សាងសង់​នាវា​ផ្ទុក​យន្តហោះ​ជា​របស់​ផ្ទាល់​ខ្លួន ផលិតនៅ​ឥណ្ឌា និង​ដោយស្នាដៃពលរដ្ឋ​ឥណ្ឌា ​ខ្លួន​ឯង​ហើយ។ មិន​តែ​ប៉ុណ្ណោះ ឥណ្ឌា​នឹង​មិន​នៅ​ស្ងៀម​ទេ យោធា​ជើង​ទឹកឥណ្ឌាគាំទ្រ​និង​ជំរុញ​ឱ្យ​រដ្ឋាភិបាលមាន​​នាវាផ្ទុក​ទីបី​ទៀត ដើម្បី​អាច​ប្រកួតប្រជែង​ជាមួយ​ចិន។ ចិន​កំពុង​ពង្រីក​ឥទ្ធិពល​ក្នុង​មហាសមុទ្ទ​ឥណ្ឌា​ ដែលជា​​ដែន​អំណាច​ជា​ប្រពៃណី​របស់​ឥណ្ឌា ក៏​កំពុង​សាងសាង​នាវាផ្ទុក​យន្តហោះ​ទី​បី​ដែរ។

​ឆ្លៀត​ពេល​កំពុងបង្អួត​បង្ហាញ​នាវាផ្ទុក​យន្តហោះ​ដំបូង​របស់​ខ្លួន ឥណ្ឌា​បាន​ប្រកាសទៅ​ចូល​រួមធ្វើ​សមយុទ្ធ​រួម​ជា​មួយ​សហរដ្ឋ​អាមេរិកនិង​សម្ព័ន្ធ​មិត្តនៅ​ក្នុង​មហាសមុទ្ទ​ឥណ្ឌូប៉ាស៊ីហ្វិក ដូច​ជា​វៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី ជប៉ុន អូស្ត្រាលី ដោយ​បញ្ជូនកង​នាវិកនិង​​នាវា​បួន​គ្រឿង​ទៅ​អាស៊ីអាគ្នេយ៍ សមុទ្ទ​ចិន​ខាង​ត្បូង និង​មហា​សមុទ្ទ​ប៉ាស៊ីហ្វិក។ ជា​សមយុទ្ធ​ទ្វេភាគី និង​ពហុភាគី ដែល​មាន​​រយៈ​ពេល​ពីរ​ខែ។

សមយុទ្ធ​នេះ​ជា​ការ​សបញ្ជាក់​ឱ្យឃើញ​ថា​យោធា​ឥណ្ឌា​ត្រៀម​លក្ខណៈ​ស្រេច​បាច់​នឹងចេញ​ធ្វើ​ប្រតិបត្តិការ​ បង្ហាញ​វត្តមាន និង​សាមគ្គីភាព​ជាមួយ​បណ្តាប្រទេស​ជាមិត្ត​ ដើម្បី​ធានាសណ្តាប់​ធ្នាប់ដែន​សមុទ្ទ​ និង​រឹត​ចំណង​មិត្តភាព​មានស្រាប់​រវាង​ឥណ្ឌានិង​ប្រទេស​ក្នុងតំបន់​​មហាសមុទ្ទ​ឥណ្ឌូប៉ាស៊ីហ្វិក។ ឥណ្ឌា​ ជប៉ុន អូស្ត្រាលី និង​សហរដ្ឋ​អាមេរិក បាន​បង្កើត​សម្ព័ន្ធ​ក្រៅ​ផ្លូវការមួយ​ ដែល​ហៅ​កាត់​ថាសម្ព័ន្ធQuad -ចតុមិត្ត ដើម្បី​រារាំង​មហិច្ឆតា​វាតទី​របស់​ចិន។

នៅ​​ឆ្នាំនេះ​ ឥណ្ឌាក៏​បាន​ធ្វើ​សមយុទ្ធ​ជាមួយ​បារាំង និង​អង់គ្លេស​រួច​ហើយ​ នៅ​ឈូង​សមុទ្ទ​បង់ហ្កាល់។

សូម​បញ្ជាក់​ថា​នារយៈ​ប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះឥណ្ឌាបានបង្កើន​មហិច្ឆតា និង​ពង្រឹង​វិស័យ​យោធា​របស់​ខ្លួន​កាន់​ខ្លាំង។ កាលពី​ថ្ងៃពុធ ទូរទស្សន៍​អារ៉ាប់ Al Jazeera បានបង្ហើប​ឱ្យ​ដឹង​ថា​ឥណ្ឌា​ទំនង​ជា​កំពុង​សាងមូលដ្ឋាន​យោធា​មួយ​នៅ​កោះ​ម៉ូរីសផង។ ក្រសួង​ការបរទេស​ឥណ្ឌា​បាន​បដិសេធមិន​ធ្វើ​អត្ថាធិប្បាយ​​ទេ។ ប៉ុន្តែ​ឥណ្ឌា​បាន​អះអាង​ ជា​សរុប​ គិត​មក​ទល់​ពេល​នេះ ឥណ្ឌា​មានការដ្ឋានសាងសង់​ នាវាយោធា​​និង​នាវាមុជទឹកចំនួន​៤៤​ផ្សេងទៀត ក្នុង​ទឹក​ដី​ឥណ្ឌា៕

មតិយោបល់