បាត់ដំបងៈ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០១៨ អនុវត្តតាមគោលការណ៍ណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង កងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដែលមានលោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ ជាអធិការនគរបាលស្រុក បានចាត់តាំងកងកម្លាំងនគរបាលចូលរួមសហការជាមួយសមត្ថកិច្ចជំនាញសង្កាត់រដ្ឋបាលព្រៃឈើខេត្តបាត់ដំបង មន្រ្តីរដ្ឋបាលស្រុកសង្កែ កងរាជអាវុធហត្ថស្រុកសង្កែ ចុះធ្វើការបង្រ្កាបករណី ធ្វើអាជីវកម្មសត្វស្លាបដ៏កម្រនៅក្នុងភូមិសាស្រ្ត ភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
ក្នុងនោះ សមត្ថកិច្ចបានធ្វើការឃាត់អ្នកធ្វើអាជីវកម្មបានចំនួន៧នាក់ ព្រមទាំងដកហូតបានសត្វស្លាបដ៏កម្រនេះចំនួន១០ប្រភេទដែលត្រូវបានគេសម្លាប់រួចហើយសរុបចំនួន ៦៨៦ក្បាល ។
ក្រោយពេលធ្វើការសាកសួរស្រាវជ្រាវដោយមន្ត្រីជំនាញ សត្វស្លាបទាំងនេះ ត្រូវបានដុតកម្ទេចចោល ហើយអ្នកប្រព្រឹត្តិត្រូវបានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់ ៕
មតិយោបល់