ភ្នំពេញៈ កម្មការិនីរោងចក្រ ២នាក់ ម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗយ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្រោយពីត្រូវរថយន្តមិនចាំម៉ាកមួយគ្រឿង បើកបុកម៉ូតូរបស់នាងដែលកំពុងជិះយ៉ាងពេញទំហឹង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង៤០នាទី ព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងភូមិព្រែកប្រណាក់ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះទាំង២នាក់ ខាងលើនេះ ទី១មានឈ្មោះ ប៉ុន មាសសុគន្ធាធារី ភេទស្រីអាយុ១៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិអង្គជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ស្លាប់) និងម្នាក់ទៀតមានឈ្មោះ ស៊ិន សុធា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរកម្មការិនីដូចគ្នា ស្នាក់ជាមួយគ្នា (រងរបួសធ្ងន់)។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះទាំង២នាក់ ជិះម៉ូតូឌុបគ្នាមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៣ ពាក់ស្លាកលេខ តាកែវ 1F-9493 ក្នុងបំណងមកធ្វើការរោងចក្រ ។ លុះបានមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាក បើកបរក្នុងល្បឿនលឿន ជ្រុលមកបុកជនរងគ្រោះ យ៉ាងពេញទំហឹង បណ្តាលឲ្យម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ក្រោយក់តហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍មូលដ្ឋាន បានចុះមកធ្វើការវាស់វែង ដោយបាននាំយកម៉ូតូជនរងគ្រោះយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំក្រុមគ្រួសារជនរងគ្រោះមកយកទៅវិញ និងដើម្បីស្រាវជ្រាវរករថយន្តបង្កមកដោះស្រាយគ្នាតាមផ្លូវច្បាប់។ ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
https://youtu.be/T-B1nCk1rFw
មតិយោបល់