ព័ត៌មានជាតិ

កូរ៉េខាងជើង ទទួលស្គាល់ឯករាជ្យភាពតំបន់ផ្ដាច់ខ្លួន២ នៅភាគខាងកើតអ៊ុយក្រែន

(ឡុងដ៍)៖ កូរ៉េខាងជើង នៅថ្ងៃពុធសប្ដាហ៍នេះបានទទួលស្គាល់តំបន់ផ្ដាច់ខ្លួន២ គាំទ្រដោយរុស្ស៉ីនៅក្នុងតំបន់ភាគខាងកើតប្រទេស អ៊ុយក្រែនជា «រដ្ឋឯករាជ្យ»

ការប្រកាសទទួលស្គាល់ខាងលើ បានធ្វើឱ្យកូរ៉េខាងជើងកា្លយជាប្រទេសទី៣ ដែលទទួលស្គាល់តំបន់ផ្ដាច់ខ្លួន២ គឺសាធារណរដ្ឋប្រជាមានិត ដូណេត និងសាធារណរដ្ឋប្រជាមានិតលូហាន នៃតំបន់ដុនបាស់ភាគខាងកើតប្រទេសអ៊ុយក្រែន បន្ទាប់ពីរុស្ស៉ី និងស៊ីរី។

នៅក្នុងសារបង្ហោះនៅលើបណ្ដាញតេឡេក្រាម មេដឹកនាំតំបន់ផ្ដាច់ខ្លួនដូណេត លោក ដេនីស ពូស៊ីលីន (Denis Pushilin) បាននិយាយថា លោកសង្ឃឹមថានឹងទទួលបានកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា និងបង្កើនទំនាក់ទំនងពាណិជ្ជកម្មជាមួយកូរ៉េខាងជើង។ ចំណែកឯ ស្ថានទូតតំបន់ផ្ដាច់ខ្លួនដូណេត ប្រចាំទីក្រុងមូស្គូ បានបង្ហោះរូបថតនៅលើបណ្ដាញតេឡេក្រាម ដែលបង្ហាញពីសកម្មភាពរបស់អគ្គរដ្ឋទូត កូរ៉េខាងជើងប្រចាំទីក្រុងមូស្គូ លោក ស៊ីន ហុង ឈុល (Sin Hong-chol) បានប្រគល់លិខិតទទួលស្គាល់មួយច្បាប់ទៅឱ្យបេសកជនតំបន់ ផ្ដាច់ខ្លួនដូណេត លោកស្រី អូលហ្កា ម៉ាកេយ៉េវ៉ា (Olga Makeyeva)។

សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍នេះបានទទួលស្គាល់ថារដ្ឋមន្ត្រីការបរទេសលោកស្រី ឆូ សុង ហ៊ុយ (Choe Son Hui) ពិតជាបានផ្ញើលិខិតមួយច្បាប់ទៅកាន់សមភាគីរបស់លោកស្រីនៅក្នុងតំបន់ផ្ដាច់ខ្លួនទាំង២ កាលពីថ្ងៃពុធ ដើម្បីទទួលស្គាល់ឯករាជ្យភាពរបស់ពួកគេ។ កូរ៉េខាងជើងក៏ធ្លាប់បានបង្ហាញការគាំទ្រដល់រុស្ស៉ីផងដែរ នៅពេលទីក្រុងមូស្គូក្រសោបយក តំបន់គ្រីមៀ ពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤៕

Reuters

មតិយោបល់