ព័ត៌មានជាតិ

រថយន្តផែស្ងួតតេងឡាយ បើកបរប៉ះទង្គិចម៉ូតូដួលចូលក្រោមកង់ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់

ភ្នំពេញៈ នៅវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរចរណ៍ មួយបានកើតឡើង គឺរថយន្តកុងតឺន័រ មួយគ្រឿង របស់ក្រុមហ៊ុនផែស្ងួត តេងឡាយ ពាក់ស្លាកលេខភ្នំពេញ 3C-0512 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណបានបុកម៉ូតូមួយគ្រឿងម៉ាក ស៊ីប៊ី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1IR-5321 បណ្តាលឲ្យដួលចូលក្រោមកង់រថយន្ត រងរបួសធ្ងន់បុរសម្នាក់ បង្កការភ្ញាក់ផ្អើល ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវវ៉េងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កហេតុកុងតឺន័រមួយគ្រឿងនេះ បើកបរធ្វើដំណើរតាមបណ្តោយផ្លូវវ៉េងស្រេង ដែលបើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ។ លុះពេលកំពុងបើកបរធ្វើដំណើរមកដល់ត្រង់ចំណុចទីតាំងកន្លែងកើតហេតុនោះ បើកជ្រុលទៅបុកម៉ូតូជនរងគ្រោះមួយគ្រឿង ដួលចូលក្រោមកង់ រថយន្តបណ្តាលឲ្យបុរសមិនស្គាល់អត្តសញ្ញាណម្នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។ ចំណែកឯម្ចាស់រថយន្តកុងតឺន័របង្កហេតុនោះវិញ បន្ទាប់ពីកើតហេតុ បានដាក់មេប្រួចរត់គេចខ្លួនបាត់ស្រមោលតែម្តង ហើយបានបន្សល់ទុករថយន្តបង្កហេតុនៅត្រង់ចំណុចទីតាំងកន្លែងកើតហេតុ ។

នៅក្រោយពេលកើតហេតុ គេបានឃើញវត្តមានរបស់កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បានចុះមកដល់ចំណុចកើតហេតុ ដើម្បីធ្វើការពិនិត្យនិងវាស់វែង យកវត្ថុតាងទាំងពីរគ្រឿង ទៅរក្សាទុកជាបណ្តោះអាសន្ន រង់ចាំឲ្យភាគីទាំងសងខាង ចូលខ្លួនមកធ្វើការដោះស្រាយគ្នា ទៅតាមនីតិវិធីផ្លូវច្បាប់នៅពេលក្រោយ ។

សូមបញ្ជាក់ថាៈ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនទាន់ដឹងថា ខាងណាជាអ្នកខុសនោះទេ ។ ចំណែកឯជនរងគ្រោះនោះវិញក៏មិនទាន់បានស្គាល់នូវអត្តសញ្ញាណនោះដែរ ។ បើបងប្អូនណាបានស្គាល់ជនរងគ្រោះ បា្រប់ទៅដល់សាច់ញាតិ របស់ជនរងគ្រោះឲ្យបានដឹងផង ៕

មតិយោបល់