បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់បានស្លាប់ភ្លាមៗមួយរំពេច ខណៈពេលបើកម៉ូតូបុកគោយន្តកន្ត្រៃពីក្រោយ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៤៥នាទីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចខាងកើតស្ពានព្រែកជីក ចន្លោះបង្គោលខ្សែភ្លើងលេខ០៦១០-០៦១១ ដែលស្ថិតនៅភូមិតាប៉ុន ឃុំទឹកជោរ ស្រុកព្រនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
នគរបាលមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះឈ្មោះ អែម ចន្ទ្រី ភេទប្រុស អាយុ៣៨ ឆ្នាំរស់នៅភូមិផ្លាំង ឃុំព្រៃជ្រូក ស្រុកពួកខេត្តសៀមរាប(មានពាក់មួកសុវត្ថិភាព) ជិះម្នាក់ឯង។ ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ផលិតឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1W-5458 បើកបរពីទិសខាងលិចទៅទិសខាងកើត ពេលដល់កន្លែងកើតហេតុខាងលើ សង្ស័យបុកគោយន្តកន្ត្រៃពីក្រោយ។
ប្រភពដដែលបានបន្តថាអ្នកបើកបរគោយន្តកន្ត្រៃមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះឡើយព្រោះបានបើកគោយន្តរត់គេខ្លួន។ បច្ចុប្បន្នសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ម៉ូតូខូចខាតធ្ងន់៕
មតិយោបល់