ព័ត៌មានជាតិ

ឃាតកដែលស្លាប់បុរសម្នាក់នៅគល់ស្ពានព្រែកតាមាក់ ពេលនេះចាប់បានហើយ!

កណ្តាលៈ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវស៊ើបអង្កេត លើករណីឃាតកម្ម លើចំណុចគល់ស្ពានព្រែកតាមាក់ កាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៨ ភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រៀម បូលីន ហៅ លីត ភេទប្រុស អាយុ១៩ឆ្នាំ ស្រុកកំណើតភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ស្នាក់នៅឡឥដ្ឋព្រះអាទិត្យ២ ភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល មុខរបរកម្មករឡឥដ្ឋ (ស្លាប់) ។

ចំណែកជនសង្ស័យមានឈ្មោះ ណេង តាប់ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល និង បក្ខពួក ។

មុនពេលកើតហេតុវេលាម៉ោង៨និង២២នាទីយប់ មានការប្រទះឃើញសពបុរសម្នាក់ សង្ស័យជាអំពើឃាតកម្ម នៅចំណុចផ្លូវជាតិលេខ៨ ភូមិកោះរកា ឃុំ ព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល បន្ទាប់មកសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ធ្វើការហ៊ុំពទ្ធ័ការពារកន្លែងកើតហេតុ រហូតដល់ម៉ោង ១០និង៤៥នាទីសមត្ថកិច្ចជំនាញបច្ចេកទេស វិទ្យាសាស្ត្រខេត្តកណ្ដាល និងស្រុកបានចាប់ផ្ដើមពិនិត្យកន្លែងកើតហេតុនិងសាកសពជនរងគ្រោះឃើញថាពិតជាស្លាប់ដោយសារតែករណីឃាតកម្ម។

ហើយករណីនេះសមត្ថកិច្ចជំនាញការិយាល័យកម្រិតធ្ងន់នៃស្នងការដ្ឋាន នគរបាលខេត្តកណ្ដាល សហការជាមួយផ្នែកជំនាញយុត្តិធម៌ស្រុក បានបើកការ ស្រាវជ្រាវស៊ើបអង្កេត រហូតឈានដល់កំណត់ បានមុខសញ្ញាសង្ស័យម្នាក់ឈ្មោះ ណេង តាប់ ភេទប្រុស អាយុ ១៦ឆ្នាំ ជាមិត្តភក្តិរបស់ជនរងគ្រោះ ។

បច្ចុប្បន្នករណីនេះកម្លាំងជំនាញ បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕

មតិយោបល់