ព័ត៌មានជាតិ

Update៖ យុវជនម្នាក់ជិះម៉ូតូZoomer-X វ៉ាជែងមិនផុតទាក់ដៃចង្កូតចូលកុងតឺន័រកិនស្លាប់មួយរំពេច

ភ្នំពេញៈ យុវជនម្នាក់បែកក្បាលស្លាប់ភ្លាមៗក្នុងថ្លុកឈាម បន្ទាប់ពីជិះម៉ូតូវ៉ាជែងមិនផុតក៏ទាក់ដៃចង្កូតចូលកង់រថយន្តកុងតឺន័របើកបញ្ច្រាសទិស កាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ ខាងលិចអគ្គបញ្ជាការកងទ័ពជើងគោក ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល២០ឆ្នាំ ជិះម៉ូតូ ម៉ាក Zoomer-X ពណ៌ខ្មៅ លាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1GE-1902 ។ ចំណែករថយន្តកុងតឺន័រ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3C-0949 ដឹកទំនិញ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ បានចុះគេចខ្លួនពីកន្លែងកើតហេតុបាត់ ។

តាមប្រភពពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ ខណៈដែលមេឃកំពុងធ្លាក់ភ្លៀង ជនរងគ្រោះជិះម៉ូតូធ្វើដំណើរពីកើតទៅលិច វ៉ាជែងរថយន្តខាងមុខជាបន្តបន្ទាប់ បើកចូលទាំងបំណែកផ្លូវម្ខាងទៀត លុះដល់ចំណុចខាងលើ វ៉ាមិនផុត ស្រាប់តែទាក់ដៃចង្កូតជាមួយរថយន្តកុងតឺន័រ បោកចូលកង់ក្រោយខាងឆ្វេង បណ្តាលឲ្យកិនស្លាប់បែកក្បាល ក្នុងថ្លុកឈាមតែម្តង ឃើញសភាពមិនស្រួលអ្នកបើកបររថយន្តចតរថយន្តឈប់ស្ងៀមហើយចុះរត់គេចទៅបាត់ ។

ក្រោយកើតហេតុ ករណីខាងលើ សមត្ថកិច្ចមូលដ្ឋាន ជំនាញចុះទៅសម្រួលចរាចរណ៍ចៀសវាងកកស្ទះ ហើយប្រគល់ឲ្យការិយាល័យចរាចរណ៍ជើងគោក ដើម្បីយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ។ ចំណែកសាកសពសមត្ថកិច្ចពិនិត្យស្លាកស្នាមរួច បន្តស្រាវជ្រាវស្វែងរកសាច់ញាតិដើម្បីដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់