ភ្នំពេញៈ គូសង្សារមួយគូបានស្មោះស្ម័គ្រស្រឡាញ់គ្នាអស់រយៈពេលជាង៣ឆ្នាំ ខណៈឪពុកម្តាយខាងប្រុសមិនពេញចិត្តក៏បានឈ្លោះគ្នាហើយបែកបាក់គ្នាបាន៣ខែខាងប្រុស ឃើញនាងជិះម៉ូតូជាមួយសង្សារថ្មី ក៏ឃាត់ហៅមកជិះម៉ូតូជាមួយខ្លួនពេលមកដល់ស្ពានបេឡេក៏ផ្តួលម៉ូតូចោលហើយលោតទឹកសម្លាប់ខ្លួនតែម្តង ដោយបន្សល់នារីជាសង្សារនៅលើស្ពានម្នាក់ឯង ។
ហេតុការណ៍នេះមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៤នឹង០០នាទី ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៨ នៅចំណុចលើស្ពានបេឡេ ស្ថិតក្នុងភូមិមិត្តភាពសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
ជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ សាំង សុរាជ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅម្តុំជិតវត្តសន្សំកុសល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ។ ចំណែកនារីជាសង្សារ មានឈ្មោះ អ៊ា ឆៃលី អាយុ១៩ឆ្នាំ ជានិស្សិតគណនីវ៉ាន់ដាឆ្នាំទី១ រស់នៅសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ។
បើតាមនារីជាសង្សារចាស់ឲ្យដឹងថា យុវជនរងគ្រោះនិងនាងបានស្រលាញ់គ្នាក្នុងនាមជាសង្សាររយៈពេលជាង៣ឆ្នាំមកហើយ រឿងនេះក៏បានដឹងដល់ឪពុកម្តាយទាំងសងខាង ប៉ុន្តែឪពុកម្តាយខាងប្រុសមិនពេញចិត្តនាងទេ ។ ក្រោយមកយើងទាំង២នាក់ក៏បានឈ្លោះគ្នាបែកបាក់រហូតរយៈពេលជាង៣ខែមកហើយ ៗនាងក៏មានសង្សារថ្មីទៀតដែរ ។
នារីវ័យក្មេងខាងលើបន្តថា មុនពេលកើតហេតុខ្លួន បានជិះម៉ូតូជាមួយសង្សារថ្មីនោះនៅម្តុំតំបន់អភិវឌ្ឍជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ខណៈកំពុងជិះម៉ូតូឌុបគ្នាក៏លេចមុខយុវជនជាសង្សារចាស់ដែលបានបែកគ្នារយៈ៣ខែមកហើយ ។ នារីវ័យក្មេងខាងលើបន្តទៀតថា ខណៈជួបគ្នាជនរងគ្រោះក៏ឃាត់នាងឱ្យឈប់ហើយហៅនាងឱ្យមកជិះម៉ូតូជាមួយគេវិញ ។ ដោយសារនាងមិនចង់ឱ្យមានរឿងវែងឆ្ងាយ នាងក៏ឡើងជិះម៉ូតូជាមួយគេ (យុវជនរងគ្រោះ) ខណៈជិះម៉ូតូឌុបគ្នាមកដល់លើស្ពានបេឡេ គេក៏ផ្តួលម៉ូតូហើយឡើងលើបង្កាន់ដៃស្ពានលោតទៅទិសខាងជើងសម្លាប់ខ្លួនលិចបាត់ទៅក្នុងទឹកតែម្តង ខណៈនាងឃាត់ក៏ឃាត់មិនទាន់ដោយបន្សល់ទុកម៉ូតូមួយគ្រឿងនៅលើស្ពាន ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបាននាំខ្លួននារីខាងលើនេះមកធ្វើការសួរនាំនៅប៉ុស្តិ៍នគរបាលឫស្សីកែវ ដើម្បីចង់ដឹង ពីមូលហេតុ ។
ក្រោយពីសមត្ថកិច្ចសួរនាំរួច បានទំទាក់ទងទៅក្រុមគ្រួសារ ឲ្យមករកកូនដែលលិចទឹកបាត់នោះ ៕
មតិយោបល់