ឧត្តរមានជ័យៈ ប្រជាពលរដ្ឋខ្មែរចំនួន៥នាក់ ត្រូវបានអាជា្ញធរថៃ ចាប់ បញ្ជូនមកកម្ពុជាវិញ តាមច្រកអន្តរជាតិជាំសាង៉ាំ កាលពីវេលាម៉ោង១និង៥០នាទី រសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦។
ប្រជាពលរដ្ឋខ្មែរទាំង៥នាក់ ខាងលើនេះ ត្រូវបានអាជ្ញាធរថៃ ឃាត់ខ្លួន ពីបទលួចឆ្លងដែនចូលកាប់ឈើគ្រញូង ក្នុងទឹកដីថៃ ចូលតាមនៅច្រករបៀងក្បាលអូរស្វាយ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ពលរដ្ឋខ្មែរ៥នាក់ខាងលើមានឈ្មោះ៖ ១.ឈ្មោះខឹម ចន្ថា ភេទប្រុស អាយុ៤០ឆ្នាំ។ ២.ឈ្មោះ អៀង ឈូ ចំ ភេទប្រុស អាយុ៣៧ឆ្នាំ។ ៣ .ឈ្មោះ វន នេត ភេទប្រុស អាយុ២០ឆ្នាំ។ ៤.ឈ្មោះ អាំ គន់ ភេទប្រុស អាយុ៥៥ឆ្នាំ។ អ្នកទាំង៤ មកពីភូមិវត្តអង្គ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត និងទី ៥. ឈ្មោះ ស៊ុន វុទ្ធី ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពុងសិលា ខេត្តព្រះសីហនុ។
គួរបញ្ជាក់ថា សមត្ថកិច្ចចម្រុះឈរជើងនៅទីតាំងក្បាលអូរស្វាយ ដែលជាអ្នកទទួលទិសការពារព្រំដែន ដោយកម្លាំងសឹករង ដឹកនាំដោយលោក ស៊ុន បូរ៉ាន់ ជាមេបញ្ជាការ គឺតែងតែមានសកម្មភាពប្រជាពលរដ្ឋចូលឆ្លងដែនទៅទឹកដីថៃ លួចកាប់ឈើគ្រញូងជាបន្តបន្ទាប់ បើទោះជាមានសេចក្តី ប្រកាសទប់ស្កាត់ពីរាជរដ្ឋាភិបាលក៏ដោយ៕
មតិយោបល់