ភ្នំពេញៈ ស្ត្រីម្នាក់ក្នុងសភាពទឹកភ្នែកហូរសស្រាក់ ឱបបីកូនស្រីម្នាក់អាយុទើបបាន១០ខែ ហើយខ្លួនកំពុងមានផ្ទៃពោះ៦ខែទៀត ចូលទៅសាលាសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ សាកសួរគេឯងរកអ្នកមានលទ្ធភាពទទួលកូនស្រីរបស់គាត់យកទៅចិញ្ចឹម ។
ស្ត្រីខាងលើមានឈ្មោះ រាម ភារម្យ អាយុ៤២ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិសាមគ្គី៣ សង្កាត់ត្រពាំងក្រសាំង មានស្រុកកំណើត ភូមិកញ្ចំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តពករៃវែង ឱបបីកូនស្រីម្នាក់អាយុទើបបាន១០ខែ និងខ្លួនកំពុងមានផ្ទៃពោះ៦ខែទៀត ។
តាមការយំរៀបរាប់ពីស្ត្រីខាងលើ បានឲ្យដឹងថា ជួបស្នេហ៍ទី១ ជាមួយបុរសម្នាក់ ស្រុកភូមិក្បែរខាងគ្នា ឪពុកម្តាយរៀបការ ផ្សំផ្គុំជាគូរស្រកត្រឹមត្រូវ រហូតបានកូនស្រី២នាក់ មួយរយៈចុងក្រោយ លួចមានស្រីថ្មី រត់ចោះចោលខ្លួនទៅបាត់ ធ្លាក់ខ្លួនជាស្ត្រីម៉េម៉ាយកូន២ រស់នៅឯស្រុកទាំងលំបាក តោកយ៉ាក ក៏សម្រេចចិត្ត មកទីក្រុងភ្នំពេញ ធ្វើការងារ ជាកម្មការនីរោងចក្រ បានមួយរយៈ ក៏មានបុរសម្នាក់ឈ្មោះ ទឹម ប្រុស អាយុ៥៥ឆ្នាំ មុខរបរកម្មករសំណង់ រាងសង្ហា ធ្វើការ ស្នាក់នៅក្បែរខាងគ្នាផ្ទះជួល មានស្រុកកំណើត ភូមិរមេញ ឃុំរមេញ ស្រុក កោះអណ្តែត ខេត្តតាកែវ បានស្គាល់តាមរយៈលេងហ្វេសប៊ុក សុំស្នេហ៍ សុំស្រឡាញ់ទំនាក់ទំនងកាន់តែស៊ីជម្រៅ រហូតយកគ្នាជាប្តីប្រពន្ធ ទាំងមិនបានរៀបការ អស់រយៈពេលជិត៣ឆ្នាំមកហើយ បានកូនស្រីម្នាក់ អាយុទើប១០ខែ និងកំពុងមានផ្ទៃពោះ៦ខែ ស្រាប់តែនៅពេលនេះ លោកប្តី ទឹម ប្រុស លួចមានស្រីថ្មីមួយទៀត ពង្រត់នាំគ្នាចុះចោលពីខ្លួនបាត់ ទុកឲ្យខ្លួនជាអ្នកម៉េម៉ាយ២លើក អស់រយៈពេល៣ខែហើយ ដែលប្តីក្រោយរត់ចោល បានត្រឹមកាន់រូបថតមកបើកបង្ហាញឲ្យស្គាល់មុខប្តីក្រោយ ។
ស្ត្រីដដែលបន្តទៀតថា ដោយសារជួបបញ្ហាចំពោះមុខ រស់នៅវេទនា គ្មានលទ្ធភាពចិញ្ចឹមបីបាច់ ថែកូន រកតែបាយហូបខ្លួនឯងមិនបានផង ទើបនៅព្រឹកថ្ងៃទី២០នេះ សម្រេចបីឱបកូនស្រីមកសាលាសង្កាត់ចោមចៅ៣ ក្នុងគោលបំណង រកអ្នកណាមានលទ្ធភាពទទួលយកកូនរបស់គាត់ទៅចិញ្ចឹម មិនមែនជាការជួញដូរកូននោះទេ ។ ក្នុងវត្តមានស្ត្រីរូបនេះនៅសាលាសង្កាត់ចោមចៅ៣ ក៏មានស្ត្រីម្នាក់ ឈ្មោះ ម៉េង យុទ្ធ អាយុ៣៦ ប្តីឈ្មោះ កែម រ៉ុង អាយុ៤៣ឆ្នាំ មុខរបរលក់ទឹកកក ស្នាក់នៅជាប់សាលាសង្កាត់ផ្ទាល់ ចាប់អារម្មណ៍ ចង់ទទួលមើលថែកូនស្ត្រីអភ័ព្វខាងលើដែរ តែខ្លាចម្យ៉ាង ផ្លូវច្បាប់ មិនដឹងយ៉ាងណា មិនទាន់ហ៊ានសម្រេច រងចាំសាកសួរទៅអាជ្ញាធរ សមត្ថកិច្ច មូលដ្ឋានជាមុនសិន ដើម្បីឲ្យជួយដឹងឮ ក្នុងករណីថ្ងៃក្រោយ ម្តាយក្មេងចង់មកយកកូនទៅវិញ គាត់ក៏ប្រគល់ជូនវិញដែរ ៕








មតិយោបល់