ព័ត៌មានជាតិ

ទំនាស់ពាក្យសម្ដី ទាញកាំបិតកាប់សម្លាប់គ្នាយ៉ាងសាហាវ

កណ្តាលៈ បុរសម្នាក់បានរងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីភាគីគូទំនាស់ទាញកាំបិតផ្គាក់ កាប់ចំនួន២ កាំបិត។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង៩ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ នៅខាងក្រោមផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។

ជនរងគ្រោះ ឈ្មោះ សួស កែវ អាយុ៣១ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ ។ ជនសង្ស័យ ឈ្មោះ រ៉ុង រឿន ភេទប្រុសអាយុ៣៨ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅ ក្នុងភូមិឃុំកើតហេតុជាមួយគ្នា(គេចខ្លួន)។

ប្រភពពីអ្នកជិតខាង និងក្រុមគ្រួសារបានឲ្យដឹងថា កាលពីនៅមុនថ្ងៃកើតហេតុ១ថ្ងៃ គឺថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ពេលយប់ ភាគីទាំងសងខាងមានទំនាស់គ្នា រឿងជនល្មើសឈ្មោះ រ៉ុង រឿន បានចាក់ធុងបាស់ឮខាំងៗ។ លុះមកដល់ថ្ងៃកើតហេតុខាងលើ ជនសង្ស័យ បានផឹកស្រាស្រវឹង ហើយស្រែកជេរជនរងគ្រោះ ទើបកើតរឿជេរប្រមាថគ្នាទៅវិញទៅមក។ ពេលនោះជនសង្ស័យ ក៏បានយកកាំបិតផ្គាក់ ចូលមកកាប់ជនរងគ្រោះដល់ក្រោមផ្ទះ២កាំបិត ចំលើជង្គង់ខាងឆ្វេង១កាំបិត និងត្រូវចំកំភួនជើងខាងស្តាំមួយកាំបិតទៀត បណ្តាលឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ រួចជនសង្ស័យបានរត់គេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យដែលរត់គេចខាងលើ ត្រូវសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរក និងបន្តចាត់ការអនុវត្តតាមនីតិវិធី៕

មតិយោបល់