ភ្នំពេញៈ បុរសកម្មករសំណង់ម្នាក់បានជិះបុកម៉ូតូស្រ្តី២នាក់បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់នឹងស្រាលម្នាក់ ហើយមិនព្រមដោះស្រាយបែរហៅបក្ខពួកមកវាយគំរាមយកម៉ូតូ ចេញពីកន្លែងកើតហេតុ ត្រូវបានជនរងគ្រោះប្តឹងសមត្ថកិច្ច ឃាត់បានជនបង្កម្នាក់ កាលពីវេលាម៉ោង ៧នឹង៣០នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវបេតុង ដែលស្ថិតនៅ ភូមិ ប្រាសាទ សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
ជនរងគ្រោះមានគ្នា២នាក់ជាម្តាយនឹងកូន ជិះម៉ូតូ ម៉ាកគប់៧០ ពណ៌ខៀវ ខ្ចី ពាក់ស្លាកលេខឈ 2735ភព១ ចេញពីមន្ទីរពេទ្យ ហើយទៅផ្ទះ ក្នុងទិសដៅពីជើងទៅត្បូង ហើយបត់ឆ្វេង។ ចំណែកជនបង្កជិះម៉ូតូ ម៉ាកឌ្រីមសង់ ស៊េរី២០១៨ ពណ៌ខ្មៅ មិនចាំស្លាកលេខ រត់បាត់។
តាមប្រភពព័ត៌មានពីស្រ្តីរងគ្រោះជាម្តាយ ដែលរងរបួសស្រាលបាននិយាយប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់ បានឌុបកូនស្រី របស់គាត់ ចេញពី មន្ទីរពេទ្យឯកជន ពីភូមិស្រែតេជះមកផ្ទះវិញ ក្នុងទិសដៅពីជើងទៅត្បូង ចំណែកម៉ូតូបង្កជិះស្របគ្នា ហើយម៉ូតូរងគ្រោះ បានសេញ៉ូបត់ឆ្វេង ស្រាប់តែម៉ូតូបង្ក បានបុកពីក្រោយ បណ្តាលឲ្យជនរងរបួសធ្ងន់ម្នាក់នឹងស្រាលម្នាក់។ ភ្លាមៗភាគីរងគ្រោះ នឹងប្រជាពលរដ្ឋបានឃាត់ម៉ូតូបង្កខាងលើ ដើម្បីដោះស្រាយ បន្ទាប់មកភាគី បង្កនោះបានទៅហៅបក្ខពួកជាកម្មករដូចគ្នាប្រមាណជិត១០នាក់ មកគំរាមនឹងយកដុំថ្មគប់ភាគីរងគ្រោះនិងប្រជាពលរដ្ឋ រងរបួស២នាក់ទៀត ហើយយកម៉ូតូចេញពីកន្លែងកើតចេញទៅបាត់។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាន បញ្ជាក់ទៀតថា ជនបង្កខាងលើ ដោយដឹងថា ពួកគាត់ស្នាក់នៅក្នុងការដ្ឋានសំណង់ជិតកន្លែងកើតហេតុផងដែរ បន្ទាប់មកភាគី រងគ្រោះបានប្តឹងទៅ សមត្ថកិច្ចភ្លាមៗផងដែរ។ បន្ទាប់មក បានដឹង ដល់លោក អធិការខណ្ឌពោធិ៍សែនជ័យ បានបញ្ជាកម្លាំងនៃអធិការរងផ្នែកជំនាញចរាចរណ៍នឹងផ្នែកព្រហ្មទណ្ឌព្រមទាំង កម្លាំង អន្តរាគមន៍ពិសេស បានចុះទៅទីតាំងកើតហេតុ ដោយសហការជាមួយមេភូមិ ឃាត់បានជនបង្កម្នាក់ដែលពួនសម្ងំក្នុងការដ្ឋានសំណង់ខាងលើ ដោយមានកាំបិតនៅខាងក្រោមខ្លួនផងដែរ និងភាគីផ្សេងទៀត បានរត់គេចខ្លួនអស់។
ក្រោយពេលកើតហេតុ ជនបង្កខាងលើ ត្រូវបានកម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យឃាត់យកទៅសាកសួរនៅប៉ុស្តិ៍នគរបាលសង្កាត់ស្នោរ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់