ព័ត៌មានជាតិ

ជួន វឌ្ឍនៈ ពីពិធីករក្លាយជាអ្នកផលិតកុនជាមួយថៃ

ភ្នំពេញៈ ចាត់ទុកថាមានការវិវឌ្ឍន៍គួរឲ្យកត់សម្គាល់ ដែលពិធីករប្រចាំប៉ុស្ដិ៍លេខ៥ គឺលោកជួន វឌ្ឍនៈ បានប្រែក្លាយខ្លួនជាអ្នកផលិតកម្មវិធីហើយ ថែមទាំងក្លាយជាអ្នកចាត់ការទូទៅក្នុងការផលិតភាពយន្តជាមួយផលិតករមកពីប្រទេសថៃ ប្រចាំនៅបុស្ដិ៍លេខ៥ទៀត។ នៅក្នុងសកម្មភាពថតរឿងថ្មីគេចាត់ទុកថា លោកជាអ្នកដែលមានឥទ្ធិពលគួរឲ្យសរសើរម្នាក់ ជាពិសេសពាក់ព័ន្ធនឹងការជ្រើសតួ បន្ទាប់ពីផលិតករថៃ។

លោកជួន វឌ្ឍនៈ បានអះអាងថា កាលពីប៉ុន្មានឆ្នាំមុន លោកគ្រាន់តែជាពិធីករ និងជាតារាសម្ដែងធម្មតាដូចតារាភាគច្រើនប៉ុណ្ណោះ។ ប៉ុន្តែដោយសារតែឱកាសហុចឲ្យផង និងការប្រឹងប្រែងសិក្សាស្វែងយល់ពីជំនាញផលិតកម្មវិធី និងបច្ចេកទេសក្នុងការផលិតកុនផង ទើបលោកបានទទួលការងារជាអ្នកចាត់ការទូទៅផ្នែកផលិតភាពយន្ត នៅពេលប៉ុស្ដិ៍លេខ៥ និងផលិតករថៃសម្រេចចាប់ដៃគ្នាផលិតរឿងភាគសម្រាប់ដាក់ផ្សាយនៅក្នុងម៉ោងមាស។ លោកថា ឱកាសនោះ ក៏បានមកដោយសារតែលោកចេះស្ទាត់ភាសាថៃ ដែលងាយធ្វើការជាមួយផលិតករថៃ និងតារាខ្មែរ ក្នុងពេលចាត់ចែងការងារ។ លោកនិយាយថា «ដោយសារខ្ញុំរៀនដឹកនាំភាពយន្តនឹងចេះច្រើនកន្លងមក ហើយខ្ញុំចេះភាសាថៃផងទើបពេលក្រុមផលិតរបស់ថៃចុះមក ខាងប៉ុស្ដិ៍លេខ៥ក៏ចាត់ឲ្យខ្ញុំធ្វើជាអ្នកចាត់ចែងកិច្ចការទូទៅទាំងការរើសតួ ទាំងការរៀបប៉ារូលតួ ការមើលប្លង់ចេញថតជាដើម និងចាត់ចែងដឹករឿងជាមួយថៃតែម្ដងតាំងពីថៃ និងប៉ុស្ដិ៍លេខ៥ធ្វើរឿងភាគដំបូងជាមួយគ្នាកាលពីប៉ុន្មានខែមុន!»។ លោកថា ផលិតករថៃយល់ដឹងច្បាស់លើបញ្ហាបច្ចេកទេស ប៉ុន្តែសម្រាប់តួសម្ដែងណាល្បី និងមានសមត្ថភាពគឺលោកជាអ្នកចង្អុលបង្ហាញ ដោយក្នុងនោះពាក់ព័ន្ធនឹងការស្វែងទីតាំងដើម្បីថតរឿង ក៏លោក និងក្រុមការងារជាអ្នកចាត់ចែងផងដែរ!»។

លោកជួន វឌ្ឍនៈ បានអះអាងថា ការប្រឡូកការងារផលិតកុនជាមួយផលិតករថៃ បានជួយឲ្យលោកកាន់តែមានឱកាសពង្រឹងសមត្ថភាពបានល្អជាងមុន។ អ៊ីចឹងហើយទើបលោកសម្រេចចិត្តបន្ថែមជំនាញកាត់ត និងមើលប្លង់សម្ដែងក្នុងពេលថតថែមទៀត ដើម្បីអាចជំនួសកិច្ចការនេះបាន នៅពេលផលិតករថៃបញ្ចប់ការនៅប៉ុស្ដិ៍លេខ៥។

លោកសេង កដិការ អគ្គនាយករងទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បានថ្លែងប្រាប់ថា ដើម្បីប្រកួតប្រជែងនឹងស្ថានីយទូរទស្សន៍ធំៗ ប៉ុស្ដិ៍លេខ៥បានសម្រេចបោះទុនយកផលិតករថៃមកផលិតរឿងខ្មែរសម្រាប់ម៉ោងមាស ដោយក្នុងការងារផលិតនោះ ក៏បានកំណត់ដាក់ក្រុមការងាររបស់ខ្មែរ រួមមានលោកជួន វឌ្ឍនៈជាដើម ឲ្យហាត់រៀនផងដែរ ដើម្បីពង្រឹងសមត្ថភាពផលិតករខ្មែរ។ លោកថា ប៉ុស្ដិ៍លេខ៥ នឹងកាត់បន្ថយផលិតករថៃបន្តិចម្ដងៗ ហើយចុងក្រោយនៅពេលផលិតករខ្មែរអាចបំពេញកិច្ចការនេះបាន គឺនឹងដកផលិតករថៃទាំងស្រុងតែម្ដង។ ជំហរនេះត្រូវគេមើលឃើញថា លោកជួន វឌ្ឍនៈ នឹងកាន់តែមានឱកាសបន្ទាប់ពីបានវិវត្តន៍ខ្លួនពីពិធីករ ទៅជាអ្នកផលិតកម្មវិធី និងចុងក្រោយក៏បានតំណែងជាអ្នកចាត់ការទូទៅសម្រាប់គម្រោងកុនភាគជាមួយផលិតករថៃប្រចាំប៉ុស្ដិ៍លេខ៥បែបនេះ៕

មតិយោបល់