ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ស្លាប់១៨នាក់របួស១០នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ពីរដាច់ដោយឡែកនៅបូលីវី

បូលីវីៈមន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់ បាននិយាយកាលពីថ្ងៃសុក្រថា យ៉ាងហោចណាស់​មានមនុស្ស ១៨នាក់បានស្លាប់ និង១០នាក់ផ្សេងទៀតរងរបួស​ក្នុងគ្រោះថ្នាក់ចរាចរណ៍​ចំនួនពីរដាច់​ដោយឡែក​នៅលើផ្លូវធំក្នុងប្រទេសបូលីវី។

លោក Marco Miranda មេបញ្ជាការត្រួតពិនិត្យនាយកដ្ឋានកណ្តាលនៃ Quillacollo បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថាហេតុការណ៍ទី១ បានកើតឡើងនៅលើផ្លូវធំ Cochabamba-Oruro នៅភាគខាងលិច ពេលដែលរថយន្តដឹកអ្នកដំណើរខ្នាតតូចមួយគ្រឿងបានបុកចំពីមុខរថយន្ដក្រុង។

គ្រោះថ្នាក់ចរចរណ៍លើកទី២បានកើត នៅលើផ្លូវធំ Potosi-Sucre ភាគខាងត្បូង ដែលជាកន្លែង​ដែលរថយន្ដក្រុងTransAzul ក្រឡាប់ចូលទៅក្នុងប្រឡាយមួយ។

នៅពេលនិយាយអំពីគ្រោះថ្នាក់ចរាចរណ៍លើកទី១ លោក Maranda បាននិយាយថា “មកដល់ឥឡូវយើងដឹងថាគ្រោះថ្នាក់នេះ បណ្តាលមកពីការបើកបរចូលផ្លូវចង្អៀត”។
អ្នកបើកបររថយន្តក្រុងបាននិយាយតាមកញ្ចក់ទូរទស្សន៍ថា រថយន្តដឹកអ្នកដំណើរខ្នាតតូច​ដែលផ្ទុកអ្នកដំណើរ១២នាក់នោះ បានបាត់បង់ការគ្រប់គ្រង ហើយទៅបុករថយន្តក្រុងគាត់ បណ្តាលមនុស្ស១០នាក់នៅក្នុងរថយន្តនោះស្លាប់ ហើយ២នាក់ទៀត មានអ្នកបើកបរ និងក្មេងអាយុ៥ឆ្នាំម្នាក់ត្រូវបានជួយសង្គ្រោះ ។

ចំណែកឯគ្រោះថ្នាក់ចរាចរណ៍ទី២ មេបញ្ជាការរូបនោះបាននិយាយថា មានអ្នកស្លាប់ ៨នាក់ និងរបួស ៧នាក់ដោយសាររថយន្តជ្រុលចង្កូនធ្លាក់ប្រឡាយហើយក្រឡាប់៕

មតិយោបល់