ព័ត៌មានជាតិ

ទិវា កុមារអន្តរជាតិ ១មិថុនា

ក្រុមការងារឃុំវាលពង់ ដែលដឹកនាំដោយ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ តែងតែរៀបចំទិវាកុមារអន្តរជាតិ ១មិថុនាជារៀងរាល់ឆ្នាំ នៅក្នុងឃុំវាលពង់ស្រុកឧដ្ដុង្គ ខេត្តកំពង់ស្ពឺ។

នៅឆ្នាំនេះ ក្រុមការងារ លោក លី ច័ន្ទតុលា បានអញ្ជើញកុមារចំនួន ៧១០នាក់ មកពីសាលាបឋមសិក្សាចំនួន៣ និងលោកគ្រូអ្នកគ្រូ ចំនួន១០៦ នាក់ មកចូលរួម ទិវាកុមារអន្តរជាតិ ១មិថុនា ឃុំវាលពង់នេះ និងបានប្រារព្ធឡើង នៅក្នុងបវិវេណសាលាបឋមសិក្សា ស្នាមពុក។

លោក លី ច័ន្ទតុលា បានមានប្រសាសន៍ ថា កុមារជាទំពាំងស្នងឬស្សី។ ក្រុមការងារឃុំវាលពង់មិនត្រឹមតែយកចិត្តទុកដាក់តែជាមួយប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតតែប៉ុណ្ណោះទេ តែក្រុមការងារវាលពង់ យកចិត្តទុកដាក់ ជាមួយប្រជាពលរដ្ឋទាំងអស់ នៃឃុំវាលពង់ រួមទាំងកុមារផងដែរ។ បាវចនារបស់ក្រុមការងារយើង គឺខ្ញុំស្រឡាញ់វាលពង់។ សេចក្តីរីករាយរបស់ប្រជាពលរដ្ឋ ឃុំវាលពង់ គឺជាសេចក្តីសុខរបស់ក្រុមការងារយើង។ កុមារឃុំវាលពង់ទាំង៧១០នាក់ បានលេងយ៉ាងសប្បាយមួយថ្ងៃពេញ ជាមួយនឹងល្បែងកម្សាន្តចំនួន ១១ប្រភេទ ដែលសុទ្ធសឹងតែបណ្តុះនូវគំនិតសាមគ្គី រួបរួមគ្នា និង គំនិតច្នៃប្រឌិត។

កម្មវិធីនេះបានចាប់ផ្តើមពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៤ រសៀល។ កុមារបានរីករាយជាមួយនឹងល្បែងប្លែកៗ ដែលដឹកនាំដោយក្រុមការងារសរុបចំនួន៨០នាក់ ដែលបានលះបង់ពេលវេលា ផ្ទាល់ខ្លួនមកបម្រើសេចក្តីរីករាយរបស់កុមារ។ កុមារឃុំវាលពង់ក៏ ទទួលទានអាហារដែលឧបត្ថម្ភដោយក្រុមហ៊ុនដៃគូជាច្រើនរបស់ក្រុមការងារឃុំវាលពង់ ដែលមាន ក្រុមហ៊ុន ស៊ីភី ខេមបូឌា ដែលបានឧបត្ថមសាច់ ចំនួន ១២៥គីឡូក្រាម ក្រុមហ៊ុន KOFI ដែលជាក្រុមហ៊ុននាំចូលម៉ាស៊ីនកាហ្វេ សម្ភារ:កាហ្វេ ផលិតផលដែលទាក់ទងនឹងកាហ្វេ និង ផលិតផលដែលទាក់ទងនឹងការ៉េមម៉ាក GELATO បាន ឧបត្ថម ជាការ៉េមយ៉ាងឆ្ងាញ់ពិសារ ចំនួន ៥០លីត្រ។ អង្គការទឹកស្អាតក៏បានចូលរួមឧបត្ថម្ភជា ទឹកសុទ្ធ ចំនួន ៦០០លីត្រ។ លោកស្រី ប៉េង ចន្ធូដែលជា ម្ចាស់អាជីវកម្ម ក៏បានឧបត្ថម្ភនំប៉័ងចំនួន ៨០០ដើម។ ហាងនំប៉័ង TOUS LES JOURS ដែលជាហាងនំប៉័ងដ៏ល្បីមួយនៅក្នុងប្រទេសក៏បានឧបត្ថម្ភជានំគ្រប់ប្រភេទមួយចំនួន។ ហាងនេះជាហាងដែលតែងតែឧបត្ថម្ភនំដល់កុមារវាលពង់ជារៀងរាល់សប្តាហ៍តាមរយ:ក្រុមការងារឃុំវាលពង់។ ក្រុមហ៊ុន Speedpay PLC ដែលជាក្រុមហ៊ុនថ្មីនៅក្នុងទីផ្សារវេរប្រាក់ក្នុងស្រុក ក្រុមហ៊ុន សូនីន និង ក្រុមហ៊ុន Cambodia Airways ដែលជាក្រុមហ៊ុនហោះហើរថ្មីនៅកម្ពុជា បានចូលរួមឧបត្ថម្ភជាថវិកា មួយចំនួន សម្រាប់ថ្ងៃដ៏រីករាយនេះដែរ។

កម្មវិធីសិទ្ធិកុមារ១មិថុនារបស់ក្រុមការងារឃុំវាលពង់ ក៏មិនភ្លេចលោកគ្រូអ្នកគ្រូដែលជាមាតាបិតាទី២របស់កុមារ។ លោក លីច័ន្ទតុលា បានចាត់ចែងឲ្យមានការសំពះអរគុណ លោកគ្រូអ្នកគ្រូ និងបានផ្តល់នូវអំណោយចំនួន ២ម៉ឺនរៀលនិងសារ៉ុងមួយម្នាក់។

ក្រុមការងារឃុំវាលពង់ ក៏បានចែកបន្លែ សរុបចំនួន ៥០០គីឡូក្រាម ជូនប្រជាពលរដ្ឋដែលរស់នៅបរិវេណសាលារៀននេះ សម្រាប់ធ្វើម្ហូបនៅតាមផ្ទះរបស់គាត់នៅថ្ងៃនេះដែរ។ បន្លែនេះជាទឹកចិត្តឧបត្ថម្ភដោយសប្បុរសជនដែលជាមិត្តនិងជាដៃគូររបស់ក្រុមការងារឃុំវាលពង់។ ជាចុងបញ្ចប់នៃកម្មវិធី មានការចាប់រង្វាន់ជាកង់ចំនួន៣០រង្វាន់ និងមានកាដូផ្សេងៗទៀត ពីសប្បុរសជនផងដែរ។ កុមារឃុំវាលពង់រីករាយណាស់។ ក្រុមយកពត៌មានរបស់ពួកយើងបានសាកសួរទៅក្មេងៗទាំង នេះ។ ពួកគាត់មួយណាក៏ឆ្លើយជាមួយនឹងទឹកមុខដ៏រីករាយថា ខ្ញុំស្គាល់ពូតុលា។ ពូតុលាស្រឡាញ់វាលពង់។ខ្ញុំស្រឡាញ់ពូតុលា។ គួរឲ្យមានមោទនភាពមែន ដែលលោក លី ច័ន្ទតុលា បានផ្តល់ស្នាមញញឹមឲ្យកុមារឃុំវាលពង់៕

មតិយោបល់