ភ្នំពេញៈ បុរសម្នាក់ស្រវឹងជិះម៉ូតូមួយគ្រឿងបោះពួយយ៉ាងលឿននិងព្យាយាមវ៉ាជែងតែមិនផុតក៏ទាក់ដៃចង្កូតនិងគូទរថយន្តមួយគ្រឿង រួចក៏ខ្ទាតឆ្លងទៅបុកថយន្តមួយគ្រឿងទៀតដែលធ្វើដំណើរបញ្ច្រាសទិសគ្នា កាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ត្រង់ចំណុចខាងផ្សារបឹងបៃតង តាមបណ្ដោយផ្លូវសម្តេចជាស៊ីម ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅ មុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក ស្តារិច ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2A-6462 ដោយធ្វើដំណើរតាមបណ្ដោយផ្លូវសម្តេចជាស៊ីម ក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុរថយន្តខាងលើក៏បានចាប់ហ្វ្រាំង ព្រោះដោយអ៊កហ្សើនិងរថយន្តមួយគ្រឿងទៀតដែលនៅខាងមុខ។ ខណៈពេលនោះស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1I-8068 ដែលបើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង មកពីក្រោយនិងក្នុងល្បឿនលឿន។ ហើយបានព្យាយាមបើកវ៉ាជែងខាងឆ្វេងរថយន្តខាងលើ តែវ៉ាមិនផុតក៏ទាក់ដៃចង្កូតនិងគូទរថយន្តស្តារិចខាងលើ បណ្តាលឲ្យម៉ូតូជ្រុលឆ្លងទៅផ្លូវម្ខាងទៀត ទៅបុកនិងរថយន្តមួយគ្រឿងទៀតម៉ាក តូយូតាហាយប្រ៊ិជ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AN-6865 ដែលបើកបរដោយស្ត្រី២នាក់ ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យចំពីមុខចំហៀងខាងឆ្វេងពេញទំហឹងបង្កឲ្យរថយន្តរងការខូចខាតកំពិតកាងផ្នែកខាងមុខចំហៀងខាងឆ្វេង។ ចំណែកឯម៉ូតូរងការខូចខាតវៀចចង្កូត រីឯបុរសជាអ្នកបើកម៉ូតូរងរបួសបាក់ជើងខាងឆ្វេង ហើយភ្លាមៗនោះក៏ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯគ្លីនិក ពន្លឺ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញក៏បានចុះមកធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕
មតិយោបល់