ប៉ៃលិនៈ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ មានករណីអំពើហិង្សាដោយចេតនា ដែលមានស្ថានទម្ងន់ទោស និងប្រើប្រាស់អាវុធខុសច្បាប់ នៅចម្ការស្វាយ ភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជនរងគ្រោះមានឈ្មោះ អៀម សុផានី អាយុ៥៣ឆ្នាំ មុខរបរ កសិករ
រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ចំណែកជនសង្ស័យឈ្មោះ អៀម សុកល ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរ កសិករ មានទីលំនៅមិនពិតប្រាកដ ត្រូវជាបងបង្កើតរបស់ជនរងគ្រោះ។
ជនសង្ស័យមានសភាពស្រវឹង បានយកកាំបិតចិតបន្លែ កាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួស២កន្លែង ត្រង់កែងដៃស្ដាំ និងភ្លៅខាងស្ដាំ។
ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ រហូតដល់ វេលាម៉ោង៨និង៣០ ព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៨ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានឈានទៅដល់ការចាប់យកវត្ថុតាង នូវអាវុធខ្លីចំនួន១ដើមទៀត ដែលជនសង្ស័យបានលាក់ទុក។
វត្ថុតាងចាប់យករួមមាន៖ កាំបិតចិតបន្លែ១ដើម, កាំភ្លើងខ្លីម៉ាកK54 ចំនួនមួយ, គ្រាប់ចំនួន៦គ្រាប់ និងបង់សម្រាប់ដាក់គ្រាប់ចំនួន១។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសុំណុំរឿងទៅតាមនិតិវិធីច្បាប់៕
មតិយោបល់