ភ្នំពេញៈ យុវជនម្នាក់បានរងរបួសធ្ងន់ ហើយត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីពេទ្យភ្លាមៗ បន្ទាប់ពីរូបគេជិះម៉ូតូម្នាក់ឯងក្នុងល្បឿនលឿនទៅបុករថយន្តសង្គ្រោះបន្ទាន់ពីចំហៀងពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៥០នាទីយប់រំលងអធ្រាត ឈានចូលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស កែងនិងផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្តសង្គ្រោះបន្ទាន់ចំនួន៣គ្រឿង បានបើកប្រដេញគ្នានៅតាមបណ្ដោយផ្លូវកើតហេតុក្នុងល្បឿនយ៉ាងលឿនដូចគ្នា ក្នុងនោះមានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីពេទ្យ ហុក ហាក់ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2A-8564 ត្រូវបានយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក អាយខន ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ1AH-8910 ជិះមកពីផ្សារថ្មី ដោយធ្វើដំណើតាមបណ្ដោយផ្លូវកម្ពុជាក្រោមទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ហើយបានបុករថយន្ត សង្គ្រោះបន្ទាន់របស់មន្ទីពេទ្យ ហុង ហាក់ ចំពីចហៀងពេញទំហឹង បណ្ដាលឲ្យយុវជនម្នាក់ជាម្ចាស់ម៉ូតូរងរបួសធ្ងន់ រីឯម៉ូតូបានបាក់កាំមុខ រងការខូចខាតផ្នែកខាងមុខទាំងស្រុង ដោយឡែករថយន្តសង្គ្រោះបន្ទាន់វិញបានរងការខូចខាតទ្វារថយន្តផ្នែកខាងស្ដាំយ៉ាងដំណំផងដែរ។
ក្រោយពេលកើតហេតុ យុវជនរងគ្រោះដែលជាម្ចាស់ម៉ូតូហើយរបួសធ្ងន់នោះ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីពេទ្យឯកជន រស្មី ដឹកយកទៅសង្គ្រោះភ្លាមៗ។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានជំនាញខាងចររាចរណ៍ បានចុះមកដល់កន្លែងកើតហេតុ ហើយធ្វើការវាស់វែងយករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចររាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំភាគីទាំងសងខាងចូលខ្លួនដោះស្រាយគ្នាតាមនីតិវិធីច្បាប់នៅពេលក្រោយ៕
មតិយោបល់