ព័ត៌មានជាតិ

ជនជាតិចិនបើករថយន្តអែបស្ដាំមិនស៊ីញ៉ូ ត្រូវយុវជន២នាក់ជិះម៉ូតូDukeទៅបុកពីក្រោយ ខ្ទាតចូលកង់បីPass App ក្រឡាប់សង្កត់របួសធ្ងន់ស្រាល២នាក់!

ភ្នំពេញៈ បុរសជនជាតិចិនម្នាក់ បើករថយន្ត CAMRY មួយគ្រឿង អែបស្ដាំមិនបានស៊ីញ៉ូ ស្រាប់តែមានយុវជន២នាក់ ជិះម៉ូតូ Duke ឌុបគ្នាមកបុកពីក្រោយ ខ្ទាតចូលកង់បី Pass App បណ្តាលឲ្យក្រឡាប់សង្កត់លើម៉ូតូ និងអ្នករងរបួសធ្ងន់ស្រាល២នាក់ផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង៥០នាទីទៀបភ្លឺ​ ឈានចូលថ្ងៃទី​២៧ ខែតុលា​ ឆ្នាំ២០១៨នេះ​ នៅតាមបណ្ដោយផ្លូវវេងស្រេង ត្រង់ចំណុចមុខក្លឹបមីតណាយ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុគេឃើញ រថយន្តមួយគ្រឿង ម៉ាក TOYOTA CAMRY ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2S-4568 បើកបរដោយជនជាតិម្នាក់ បានធ្វើដំណើរពីកើតមកលិចក្នុងល្បឿនធម្មតា លុះដល់ចំណុចកើតហេតុ ស្រាប់តែឃើញរថយន្តបើកអែបស្តាំ ដើម្បីដឹកមនុស្សស្រី២នាក់ទៀត ដោយមិនបានស៊ីញ៉ូ ស្រាប់តែមានយុវជន២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក Duke ពាក់ស្លាកលេខ ភ្នំពេញ 1CP-4334 ធ្វើដំណើរស្របទិសគ្នា ពីកើតទៅលិចដែរ បានបុកពីក្រោយហើយក៏ឆ្លៀតចូលរ៉ឺម៉កកង់បី Pass App ពណ៌ស​ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1F-5712 បណ្ដាលឲ្យក្រឡាប់សង្កត់ម៉ូតូ Duke នោះ ខូចខាត​បែកកញ្ចក់ Pass App និងខូចខាតម៉ូតូយ៉ាងដំណំផងដែរ។ ចំណែកឯម្ចាស់ម៉ូតូទាំង២នាក់នោះម្នាក់របួសស្រាល និងម្នាក់ទៀតរបួសជើងធ្ងន់ រីឯរថយន្តខូចខាតកាងឆ្វេងខាងក្រោយបន្តិចបន្តួចប៉ុណ្ណោះ។

បច្ចុប្បន្នក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចឲ្យភាគីទាំង៣ ដោះស្រាយគ្នាមួយជំហ៊ានសិន តែមិនត្រូវគ្នា ទើបសមត្ថកិច្ចរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញឲ្យចុះមកធ្វើការវាស់វែងនិងយករថយន្តក៏ដូចជាម៉ូតូនិងរ៉ឺម៉កកង់បីឥណ្ឌាយកទៅរក្សាទុកនៅផ្នែកចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការដោះស្រាយពេលក្រោយ៕

មតិយោបល់