ព័ត៌មានជាតិ

សមត្ថកិច្ចចុះពិនិត្យមុខទំនិញនៅផ្សារអូរឡាំពិក ផ្សារអូរឬស្សី ផ្សារដើមគរ ផ្សារស្ទឹងមានជ័យ ផ្សារធំថ្មី និងផ្សារទួលទំពូង

ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលផែស្ងួតចុងទី-ភ្នំពេញ សហការជាមួយមន្រ្តីមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានកាំកុងត្រូល ដោយមានការចូលរួមពីគណៈកម្មការផ្សារ បានបន្តចុះប្រចាំការនៅផ្សារទាំង០៦ រួមមាន៖ ផ្សារអូរឡាំពិក ផ្សារអូរឬស្សី ផ្សារដើមគរ ផ្សារស្ទឹងមានជ័យ ផ្សារធំថ្មី និងផ្សារទួលទំពូង ដើម្បីចុះអង្កេត ស្រាវជ្រាវ និងទប់ស្កាត់នូវទំនិញខូចគុណភាពមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

ក្នុងនោះយើងបានធ្វើតេស្តបឋមទៅលើម្ហូបអាហារមួយចំនួន ដូចជា៖ គ្រឿងសមុទ្រ គុយទាវសរសៃតូច លត បាញ់កាញ់ មីគ្រប់មុខ ប្រហិតគ្រប់មុខ ជ្រក់គ្រប់មុខ សាច់ក្រក ត្រីងៀតគ្រប់មុខ ដើម្បីរកនៅសារធាតុគីមីហាមឃាត់ ដែលសង្ស័យមានហានិភ័យខ្ពស់ និងបានត្រួតពិត្យទំនិញម្ហូបអាហារវេចខ្ចប់ស្រេចនៅតាមតូបមួយចំនួន ដើម្បីរកទំនិញខូចគុណភាព គ្មានស្លាកសញ្ញា គ្មានកាលបរិច្ឆេទ សំបកវេចខ្ចប់មិនត្រឹមត្រូវ។ល។

ជាលទ្ធផល មន្រ្តីបច្ចេកទេសពុំបានរកឃើញមានសារធាតុគីមីហាមឃាត់ និងទំនិញណាមួយខុសប្រក្រតីទេ។
មន្រ្តីសាខាកាំកុងត្រូលក៏បានធ្វើការពន្យល់ណែនាំ ផ្សព្វផ្សាយ អប់រំ អំពីសុវត្ថិភាពចំណីអាហារ និងអនុវត្តទៅតាមច្បាប់ ស្តីពី ការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវា ដល់អាជីវករផងដែរ៕

មតិយោបល់