ក្រចេះ: សាកសពសិស្សសាលាម្នាក់ទៀតហើយ ត្រូវកម្លាំងសមត្ថកិច្ច និងសាច់ញាតិរុករកឃើញហើយ នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦នេះ បន្ទាប់ពីសិស្សសាលា៣នាក់ ដែលលង់ទឹកស្លាប់នៅឆ្នេរខ្សាច់កោះទ្រុងទល់មុខទីរួមខេត្តក្រចេះ ដោយឡែកសាកសពសិស្សសាលាម្នាក់ទៀត នៅមិនទាន់រកឃើញនៅឡើយ។
សូមរំលឹកថា ការបាត់ខ្លួនសិស្សទាំង៣នាក់នេះ គឺបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅក្រុងក្រចេះ កាលពីយប់ថ្ងៃទី២៩ ខែធ្នូ បន្ទាប់ពីសិស្សចំនួន៣នាក់មករៀនដូចធម្មតា តែមិនឃើញត្រឡប់ទៅផ្ទះវិញ។ ចំណែកសមត្ថកិច្ចបានសន្និដ្ឋានថា សិស្សទាំង៣នាក់នោះ គឺអាចលង់ទឹកនៅឆ្នេរខ្សាច់កោះទ្រុង ព្រោះមានសម្ភារៈរបស់ពួកគេទាំងបីនាក់ គឺបានដោះទុករួមគ្នានៅក្បែរមាត់ទឹក។
សិស្សសាលាទាំង៣នាក់នោះ ទី១មានឈ្មោះ គង់ វាសនា ២.ឈ្មោះ ធុន សធិរាជ និងទី៣ឈ្មោះ លីហេង ធ ជាសិស្សរៀននៅក្រុងក្រចេះ៕




មតិយោបល់