ភ្នំពេញៈ ជនសង្ស័យចំនួន២នាក់ ត្រូវបានប៉ូលិសប៉ុស្តិ៍ចោមចៅ២ ឃាត់នាំខ្លួនទៅសាកសួរ ផ្អែកតាមបណ្តឹងរបស់ជនរងគ្រោះ ពាក់ព័ន្ធទៅនឹង ករណីលួចម៉ូតូ ខណៈដែលហៅនាំទៅសាកសួរ បែរជាត្រួតពិនិត្យ រកឃើញថ្នាំញៀនចំនួន៤កញ្ចប់ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ ជា ប្រុស អាយុ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅ២ ។ ទី២ ឈ្មោះ គុណ ប្រាថ្នា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីប្រជាពលរដ្ឋ ក្នុងភូមិកើតហេតុខាងលើ រាយការណ៍ ដាក់ការសង្ស័យ ទៅលើឈ្មោះ ជា ប្រុស បានលួចម៉ូតូ របស់អ្នកភូមិ ម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AC-6053 កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨កន្លងមក ហើយគេចខ្លួនបាត់ ទើបនៅព្រឹក ថ្ងៃទី៣០ ខែតុលានេះ ឃើញឈ្មោះ ជា ប្រុស មកផ្ទះវិញ សង្ស័យរាយការណ៍ប្រាប់ប៉ូលិស ហៅនាំទៅសាកសួរ តែក្នុងពេលដែលប៉ូលិសចុះទៅ ឃើញមនុស្ស២នាក់ កំពុងនៅជាមួយគ្នា ទើបឃាត់ខ្លួនទាំង២នាក់តែម្តង។
ទោះជាយ៉ាងណាក្តី ជនសង្ស័យមិនឆ្លើយសារភាពថាខ្លួនលួចម៉ូតូឡើយ ថ្វីបើដាក់ការសង្ស័យ ពីជនរងគ្រោះ ឈ្មោះ នឹង ភិនភាគនឹងហើយជាអ្នកលួចម៉ូតូ PCX កន្លងមក តែជនសង្ស័យនៅតែប្រកែក រហូតដល់សមត្ថកិច្ចធ្វើការត្រួតពិនិត្យ រកឃើញថ្នាំញៀនចំនួន៤កញ្ចប់ នៅខ្លួនជនសង្ស័យ ជា ប្រុស ចំណែកជនសង្ស័យឈ្មោះ គុណ ប្រាថ្នា តេស្តទឹកនោម រកឃើញមានសារធាតុញៀន ។
ជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួន សាកសួរ និងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ៕
មតិយោបល់