ព័ត៌មានជាតិ

អុញនោះសុទ្ធតែរបស់ឆ្ងាញ់! ថ្មីទៀតហើយ រកឃើញ ប្រហិតសាច់គោ ប្រហិតត្រីរៀល ជ្រក់មមាញ ស្ពៃជ្រក់ និងនំស្រួយ មានជាតិគីមីបូរ៉ាក់

ភ្នំពេញៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សហការជាមួយមន្រ្តីនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល ដោយមានការចូលរួមពីមន្ទីរពាណិជ្ជកម្មរាជធានី និងគណៈកម្មការផ្សារ បានចុះពិនិត្យទំនិញជាម្ហូបអាហារ និងគ្រឿងឧបភោគ បរិភោគប្រចាំថ្ងៃ ក្នុងនោះមន្រ្តីបច្ចេកទេសបានដកយកគំរូ ចំនួន៦៩គំរូ មកពិនិត្យវិភាគរកសារធាតុគីមីហាមឃាត់។

ជាលទ្ធផល ក្រោយពីធ្វើការពិនិត្យលើគំរូទាំង ៦៩ គំរូ រួចមក គឺមាន ១៣ គំរូ បានបញ្ជូនទៅកាន់មន្ទីរពិសោធន៍ របស់អគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីវិភាគលើប៉ារ៉ាម៉ែត្រមួយចំនួនទៀត និង ៥០គំរូ មានអនុលោមភាព សុវត្ថិភាព និង ៦គំរូទៀត មានផ្ទុកសារធាតុគីមីហាមឃាត់ Borax និង Salicylic Acid នៅលើប្រហិតសាច់គោ ចំនួន ៣,៤គីឡូក្រាម ប្រហិតត្រីរៀលមានលាយគ្រឿងស្រាប់ ចំនួន ១,៣ គីឡូក្រាម ស្ពៃជ្រក់ ចំនួន ២៧ គីឡូក្រាម ជ្រក់មមាញ ចំនួន ៥ គីឡូក្រាម និងនំស្រួយ ២,៦ គីឡូក្រាម សរុប ៣៩.៣០ គីឡូក្រាម ហើយត្រូវបានក្រុមការងារធ្វើកំណត់ហេតុ ដកហូតកម្ទេចចាលភ្លាមៗ បន្ទាប់ពីមានការយល់ព្រមពីអ្នកលក់ ។
ក្រុមការងារបានចែករំលែកបន្តនូវព័ត៌មានទាំងនេះទៅសាខាពាក់ព័ន្ធ ដើម្បីបន្តស្វែងរកប្រភពផលិត និងសហការចាត់វិធានការទៅតាមនីតិវិធីច្បាប់។

ក្នុងពេលត្រួតពិនិត្យនោះ សាខាក៏បានចែកផ្សាយនូវរូបភាព Poster ដោយបានអប់រំ និងបានណែនាំដល់អាជីវករ ព្រមទាំងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងពីរបៀបនៃការជ្រើសរើសផលិតផលមានសុវត្ថិភាពមកលក់ ក៏ដូចជាមកបរិភោគ ៕

មតិយោបល់