ព័ត៌មានជាតិ

សន្តិសុខម្នាក់ ជិះម៉ូតូទៅបុករថយន្តកុងតឺន័រ ស្លាប់ភ្លាមៗយ៉ាងរន្ធត់

ភ្នំពេញ: បុរសជាសន្តិសុខម្នាក់ បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ជិះទៅបុករថយន្តកុងតឺន័រ ពីក្រោយដែលចតស្ងៀមមិនដាក់ភ្លើងសញ្ញា កាលវេលាម៉ោង១០និង៣០នាទីយប់ ត្រង់ចំណុចមុខកៀនស្វាយផ្លាហ្សា តាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិឃុំធំ ឃុំឃុំធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះ(សព)មានឈ្មោះ វ៉ន សាម៉ុន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើសន្តិសុខក្រុមហ៊ុន រស់នៅភូមិសន្លក់សាំង ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ប្រពន្ធមានឈ្មោះ ពែក ចន្នី ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ រស់នៅជាមួយប្តីភូមិឃុំខាងលើ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនដំបូងគេឃើញបុរសជាសន្តិសុខម្នាក់ ជិះម៉ូតូម៉ាកឌ្រីមសង់ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1 FV.1366 ជិះតែម្នាក់ឯង ជិះតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិច មកកើតយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុខាងលើក៏បានបុក រថយន្តសណ្តោងរ៉ឺម៉កកុងតឺន័រ អត់មានទ្រុង ក្បាលពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-2223 និងរ៉ឺម៉កខាងក្រោយមានស្លាកលេខ ព្រះសីហនុ 4A-0448 ពីក្រោយដែលចតចោល ស្ងៀមមិនដាក់ភ្លើងសញ្ញា គួបផ្សំផ្លូវងងឹតផងក៏បុកចំកាងដែក បណ្ដាលឲ្យបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ យ៉ាងអណោចអធ័ម។ ម៉ូតូរងការខូចខាតបែកកុងតឺខ្ទេច។ ចំណែកឯរថយន្តបាក់កាងដែកមួយចំហៀងខាងក្រោយ។ តៃកុងរថយន្តមិនឃើញនៅកន្លែងកើតហេតុនោះទេ។

ក្រោយមកសមត្ថកិច្ចចុះមកដល់ក៏យកទូរសព្ទរបស់ជនរងគ្រោះតេហៅសាច់ញាតិមួយសន្ទុះក្រោយមកក៏មានកូនប្រពន្ធមកដល់កន្លែងកើតហេតុស្រែកទ្រហោយំគួរឲ្យសង្វែកណាស់និងបានរៀបរាប់ប្រាប់ថាប្តីរបស់គាត់ធ្វើសន្តិសុខនៅជិត ស្ពានអាកាស៧មករា ចូលធ្វើការនៅវេលាម៉ោង២រសៀល ចេញមកវិញនៅវេលាម៉ោង ២២យប់តែងតែទៅផ្ទះជារៀងរាល់យប់។សមត្ថកិច្ចបានវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់។ចំណែកសាកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យប្រពន្ធយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់