ព័ត៌មានជាតិ

រថយន្ត​បើកបំពានភ្លើងសញ្ញា​ចរាចរណ៍ ​ត្រូវ​រថយន្ត​មួយ​ទៀត​បើក​មក​បុក​!

ភ្នំពេញ: បុរសម្នាក់បើករថយន្តលឿននិងបំពានភ្លើងសញ្ញាចរាចរណ៍មិនប្រយ័ត្ន​ក៏ត្រូវរថយន្តមួយគ្រឿងទៀតបើកមកបុកពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង។

ហេតុការណ៍នេះ​កើត​ឡើង​កាលពីវេលា​ម៉ោង​១១និង១០នាទី​យប់​ ថ្ងៃ​ទី​២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ ត្រង់ចំណុច​ខាងក្រោម​ស្ពានអាកាស​៧មករា​ តាមបណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​កែងនិងផ្លូវ​២៧១​ ស្ថិត​ក្នុង​សង្កាត់​ទឹក​ល្អក់​ទី​១​ ខណ្ឌ​ទួល​គោក​។

តាមប្រភពព័ត៌មាន​ពីកន្លែងកើតហេតុបាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​បុរស​ម្នាក់​ស្រវឹង​ជោកជាំ​ បើក​បរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ តូយ៉ូតា​តាកូម៉ា​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AG-2038 និងមានប្រពន្ធរួមទាំងកូនតូចម្នាក់ទៀតរួមដំណើរជាមួយ​ តាមបណ្ដោយ​ផ្លូវ​២៧១​ ក្នុងទិសដៅពីត្បូង​ទៅជើង​ និងក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់​ចំណុច​ក៏​បាន​បើក​ឆ្លងកាត់​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ទាំង​បំពាន​ភ្លើង​សញ្ញា​ចរាចរណ៍​ បម្រុងឆ្ពោះទៅ​ផ្លូវ​៥៩៨​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​។ ខណ:​ពេល​នោះស្រាប់មានរថយន្ត​មួយគ្រឿងទៀត​ម៉ាក​ HYUNDAI SANTAFE ពណ៌ឈាមជ្រូក​ ពាក់ស្លាកលេខ​ ភ្នំពេញ​2Q-8887​ ដែលបើកបរ​ដោយ​បុរស​ម្នាក់​ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​ និងក្នុង​ល្បឿន​លឿន​ មិន​ប្រយ័ត្ន​ ក៏ជ្រុល​ជ្រុល​ទៅ​រថយន្ត​តាកូម៉ា​ខាងលើ​ចំចំហៀងខាងក្រោយ​ផ្នែក​ខាង​ស្តាំ​ពេញ​ទំហឹង​ បណ្ដាល​ឲ្យ​រថយន្ត​តាកូម៉ា​ខ្ទៀតឡើងទៅ​គង​លើ​ឃឿនចិញ្ចើមផ្លូវ​បែរ​ក្បាល​ត្រឡប់​ក្រោយ​វិញ​ រងការខូចខាតក្រពឹតនិង​វៀច​ភ្លៅ​កង់ខាងក្រោយ​ ដោយឡែក​រថយន្ត​មួយ​គ្រឿង​ទៀត​រងការខូចខាត​ផ្នែកខាងមុខ​យ៉ាង​ដំណំ​ ហើយនៅក្នុងហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​មិន​បង្ក​ឲ្យ​មាន​អ្នក​ណា​ម្នាក់​រងរបួស​នោះទេ។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន​ក៏​បាន​ចុះ​មក​ដល់​កន្លែង​កើត​ហេតុ​ ហើយ​បាន​ឲ្យភាគី​ទាំង២ធ្វើការ​សម្របសម្រួល​​ដោះស្រាយ​​គ្នា​ តែ​ដោយ​ភាគី​ទាំង២​ធ្វើ​ការ​ដោះស្រាយ​គ្នា​មិន​ត្រូវ​ សមត្ថកិច្ច​ជំនាញ​ក៏​ធ្វើ​ការ​វាស់​វែង​និង​ស្ទូច​យក​រថយន្ត​ទាំង២​គ្រឿង​ខាង​លើ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​នៃស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើ​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវ​ច្បាប់​នៅ​ពេល​ក្រោយ​៕

មតិយោបល់